ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៣ វិច្ឆិកានេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥នាក់ របួសធ្ងន់ចំនួន ៤នាក់ និងរបួសស្រាលចំនួន ២នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១១នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១១លើក។
គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះដែរ កម្លាំងនគរបាលចរាចរណ៍ នៅទូទាំងប្រទេស ក៏បានផាកពិន័យយានយន្តល្មើសចំនួន ១៨០គ្រឿង តាមអនុក្រឹត្យលេខ៣៩ ក្នុងនោះមានម៉ូតូចំនួន ១៤៥គ្រឿង ។
ដោយឡែកក្នុងរយៈពេល២៣ថ្ងៃ(ថ្ងៃទី០១-២៣ ខែវិច្ឆិកា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៣៩.៩៥០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.០៤៩គ្រឿង ម៉ូតូមានចំនួន ៣.៤៦៧គ្រឿង ត្រូវបានផាកពិន័យផងដែរ៕
ដោយ៖អារុណរះ(រូបភាព៖ ឯកសារ)