ខេត្តតាកែវ ៖ មន្ត្រីបម្រើការនៅសាខាគយខេត្តតាកែវរងការចោទថា បានចាប់ជម្រិតរថយន្តដឹកដូងទារលុយពីរលានរៀលបើមិនឱ្យលុយទេ មិនអនុញ្ញាតធ្វើដំណើរទៅមុខនោះឡើយ។ ប្រភពនានានិយាយថា ក្រៅពីរថយន្តដឹកដូងទុំមកពីប្រទេសវៀតណាម ពួកមន្ត្រីគយចល័តនៅខេត្តតាកែវក៏ជម្រិតទារប្រាក់ពីគ្រប់អ្នករកស៊ីដឹកទំនិញគ្រប់ប្រភេទ។
មន្ត្រីសាខាពន្ធដារខេត្តតាកែវ ដឹកនាំលោក ស៊ុន ឆាយ ប្រធានសាខា ទើបផ្លាស់មកពីកំពង់ផែស្វាយ័ត្នក្រុង ភ្នំពេញ កំពុងធ្វើឲ្យក្រុមអាជីវករអ្នករកស៊ីដឹកទំនិញមកពីប្រទេសវៀតណាមក្តៅក្រហាយពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះតែការបង់លុយច្រើនថ្នាក់ ច្រើនកន្លែង ទោះបង់ លុយនៅច្រកហើយក៏ដោយ ក៏ត្រូវបង់លុយថ្លៃបាយទឹកជូនមន្ត្រីគយដែលដាក់ប៉ុស្តិ៍តាមផ្លូវមិនខានទៀតផង បើហ៊ានតែរំលង គឺត្រូវចាប់ឃាត់ទុកមិនខាន។
ពលរដ្ឋអ្នករកស៊ីដឹកផ្លែដូងទុំមកពីប្រទេសវៀតណាមម្នាក់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា គាត់ត្រូវបានគយចល័តខេត្តតាកែវ ចាប់ឃាត់រថយន្តដឹកដូងទុំកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា នេះ វេលាម៉ោង៧និង៣០នាទី លើផ្លូវជាតិលេខ៣ ចំណុចក្បែរផ្សារអង្គតាសោម ស្រុកត្រាំកក់ និងបានបង្គាប់ទារលុយ២លានរៀល ទើបអនុញ្ញាតឲ្យដឹកបន្តដំណើរចេញ ដោយពួកមន្ត្រីគយទាំងនោះចោទថា គាត់ដឹកគេចមិនបង់ពន្ធ តែតាមការពិតគាត់បង់ទៅគយតាមកន្លែងដូចសព្វដងហើយ។
ប្រភពបន្តថា ក្រោយចាប់ឃាត់ភ្លាមៗនោះ ម្ចាស់រថយន្តថា បានចចារគ្នាដែរតែមិនត្រូវរ៉ូវទើបគយចល័តនៅម្ដុំផ្សារអង្គតាសោមនោះ អូសរថយន្តដឹកដូងមកទុកនៅស្នាក់ការក្បែររង្វង់មូលអូរចំបក់មួយយប់។ លុះព្រឹកវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា គាត់បានយកលុយ១លាន២០ម៉ឺនរៀលទៅបង់គយចល័ត ទើបគេអនុញ្ញាតឲ្យបើករថយន្តចេញ។
ម្ចាស់រថយន្តដឹកដូងបញ្ជាក់ថា មួយខែៗគាត់ដឹកដូងទុំមកពីច្រកកំពង់ផែកំពង់អំពិល ស្រុកបូរីជលសារពី៣ ទៅ៤ជើង ដោយក្នុងមួយលើកគាត់ដឹកបានដូងទុំ ៨០០ឡូតិ៍ និងបានបង់លុយនៅកំពង់ផែ និងគយចល័តនៅផ្លូវជាតិលេខ៣មិនដែលខាននោះទេ តែលើកនេះ មិនដឹងយ៉ាងម៉េចបានជាគយចល័តនៅផ្លូវជាតិលេខ២ ចេញទៅចាប់នៅផ្លូវជាតិលេខ៣ដែរ។
ពាក់ព័ន្ធករណីមន្ត្រីគយក្នុងខេត្តតាកែវនេះ កន្លងមកក៏មានក្រុមអាជីវករនៅច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានប្រតិកម្ម និងធ្វើការតវ៉ាផងដែរ ដោយលើកឡើងថា ចាប់តាំងពីដូរមេគយ គឺលោក ស៊ុន ឆាយ មកជាប្រធានសាខាពន្ធដារខេត្តតាកែវមក ពួកគាត់ពិបាករកស៊ីណាស់ ព្រោះត្រូវបង់លុយជូនលោកគយគុណនឹង២ គុណ៣ ឯណោះ។ ក្រុមអាជីវករជាច្រើននៅតែទទូចសុំលោកមេគយថ្នាក់លើពិនិត្យករណីមន្ត្រីគយក្នុងខេត្តតាកែវនេះផង។
ពាក់ព័ន្ធនិងករណីនេះមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីគយដែលធ្វើប្រតិបត្តិការក្នុងរឿងនេះបានទេ។ រីឯលោក ស៊ុន ឆាយ ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដូចគ្នា៕
ដោយ៖ សូរិយា