ភ្នំពេញ ៖ គំនិតពិចារណា «មនុស្សដែលមានអត្តចរិតដូចគ្នាតែងចំណាយពេលនៅជាមួយគ្នា» !
សំណួរ ៖ «ហេតុអ្វីបានជាសត្វស្លាបហើរជាក្រុមរួមគ្នា?» សត្វស្លាបបង្កើតជាក្រុម ដែលយើងហៅថាហើរជាហ្វូង ដោយសារហេតុផលជាច្រើន គឺដើម្បីបង្កើនឱកាសរស់រានមានជីវិត និងមានសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពស្វែងរកអាហារ និងការពារគ្នាទៅវិញទៅមកពីបញ្ហា និងពីសត្វបក្សីដែលរកស៊ីដោយការឆាបឆក់ ។
មនុស្សមិនខុសពីសត្វបក្សីនោះទេ។ យើងរស់នៅក្នុងសហគមន៍ដ៏ធំមួយ ប៉ុន្តែ ក្នុងការរស់នៅនោះ វាជារឿងសំខាន់ក្នុងការជ្រើសរើសមនុស្សដែលអ្នកនឹងចំណាយពេលជាមួយ ពីព្រោះ «ពេលវេលា» ដែលអ្នកចំណាយ និង «មនុស្ស» ដែលអ្នកនៅជាមួយ នឹងធ្វើឲ្យចរិតលក្ខណៈ លំនឹងផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក បានល្អប្រសើរ ព្រមទាំងអាចបង្កើនចំណេះដឹងរបស់អ្នកផងដែរ ។ នេះជាការលើកឡើងដោយ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា, សូមអ្នកជ្រើសរើសរស់នៅគ្រប់ពេលវេលាជាមួយមនុស្សដែលពោរពេញដោយក្តីសុបិន អ្នកពូកែធ្វើ អ្នកជឿ និងអ្នកគិត។ ជាពិសេសទៅទៀតនោះ សូមជ្រើសរើសអ្នកដែលមើលឃើញភាពល្អឆ្នើមនៅក្នុងខ្លួនអ្នក ទោះបីជាអ្នកមិនបានឃើញវាដោយខ្លួនឯងក៏ដោយ ។ សូមជ្រើសរើសនៅជាមួយក្រុមមនុស្សដែលបង្រៀនអ្នកឱ្យអភិវឌ្ឍខ្លួនទ្បើង បំផុសគំនិតអ្នកឲ្យសម្រេចបានរឿងសំខាន់ៗ បើកឱកាស និងសក្តានុពលដ៏ធំដែលអ្នកមាន ។
អ្នកឧកញ៉ា គិត ម៉េង បន្តថា, វាមិនមែនជាបញ្ហាទេក្នុងការជ្រើសរើសមនុស្សដែលអ្នកត្រូវរក្សាឲ្យនៅជុំវិញអ្នក ដែលជាមនុស្សស្មោះត្រង់ជាមួយអ្នក គាំទ្រសេចក្តីចម្រើនរបស់អ្នកដោយពាក្យពិត និងផ្តល់ចំណេះដឹងដែលមានប្រយោជន៍ដល់អ្នក ។
ក្នុងករណីមួយដែលអ្នកមិនអាចរកឃើញមនុស្សដែលអ្នកគិតថាល្អសម្រាប់អ្នក អ្នកអាចជ្រើសរើសឯករាជ្យភាព និងធ្វើជាម្ចាស់ខ្លួនឯង ជាជាងចំណាយពេលនិងកម្លាំងនៅជាមួយមនុស្សដែលមិនធ្វើឲ្យអ្នកក្លាយជាមនុស្សល្អម្នាក់ ។
ដូចសម្រង់សម្តីមួយដែលខ្ញុំគាំទ្រនោះគឺ «ប្រសិនបើយើងចង់កំណត់អត្តចរិតរបស់នរណាម្នាក់ យើងត្រូវពិនិត្យមើលមិត្តភ័ក្តិ ដែលគាត់អង្គុយជាមួយ» ។ សូមចងចាំថា អ្នកអាចទាក់ទាញនូវអ្វីដែលនៅជុំវិញអ្នកបាន។ មនុស្សដែលអ្នកនៅជាមួយមានឥទ្ធិពលយ៉ាងធំលើស្ថានភាពអ្នក។ សូមអ្នកជ្រើសរើសតែមនុស្សដែលធ្វើឲ្យអ្នកកាន់តែល្អប្រសើរទ្បើង ៕
ដោយ : អ្នកឧកញ៉ា គិត ម៉េង