ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៤៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.១៤១គ្រឿង ម៉ូតូចំនួន ២.១០១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១០២គ្រឿង មានម៉ូតូចំនួន ៨១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដោយឡែកក្នុងរយៈពេល២៤ថ្ងៃ(ថ្ងៃទី០១-២៤ ខែវិច្ឆិកា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៤២.០៩១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.១៥១គ្រឿង ម៉ូតូមានចំនួន ៣.៥៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៤ថ្ងៃនៃខែវិច្ឆិកានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានឱ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នាថ្ងៃទី២៤ ខែវិច្ឆិកានេះដែរ បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ចំនួន ២នាក់(ស្រី) និងរបួសស្រាលចំនួន ១នាក់ ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន៤នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន២លើក ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ