ព័ត៌មានទាន់ហេតុការណ៍៖

តោះ! មកស្គាល់កោះសាមសិប គឺជាតំបន់ទេសភាពទន្លេមេគង្គដ៏ល្អឯកមួយ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សធនធានធ្មជាតិក្នុងសហគមន៍ថែមទៀត

ចែករំលែក៖

ខេត្ត​ក្រចេះ ៖ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសុក្រទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ សហគមន៍អេកូទេសចរណ៍កោះសាមសិប​ អង្គការ NTFP-EP កម្ពុជា និងមន្ទីរទេសចរណ៍ខេត្តក្រចេះ មានមោទនភាពសូមណែនាំតំបន់ទេសភាពទន្លេមេគង្គដ៏ស្រស់ស្អាតរបស់សហគមន៍អេកូទេសចរណ៍កោះសាមសិប ស្ថិតក្នុងខេត្តក្រចេះ។ តំបន់អាងទឹកដ៏ធំនេះសម្បូរទៅដោយកោះរាប់រយគ្របដណ្តប់ដោយព្រៃឈើពណ៌បៃតង ជីវចម្រុះសម្បូរបែប ដូចជាព្រៃលិចទឹក ត្រីមេពូជកម្រជិតផុតពូជ និងប្រភេទសត្វបក្សីជិតផុតដែលអ្នកអាចទស្សនាបាន។ 

ក្រសួងទេសចរណ៍​ បានឱ្យដឹងទៀតថា​ សូមទៅទស្សនាសហគមន៍អេកូទេសចរណ៍កោះសាមសិប គឺមិនត្រឹមតែឲ្យអ្នករីករាយជាមួយតំបន់ទេសភាពទន្លេមេគង្គដ៏ល្អឯកនោះទេ តែវានឹងផ្តល់ឱកាសឱ្យអ្នកចូលរួមក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សធនធានធ្មជាតិក្នុងសហគមន៍ផងដែរ។ សហគមន៍អេកូទេសចរណ៍កោះសាមសិប ត្រូវបានគ្រប់គ្រងដោយប្រជាជនក្នុងសហគមន៍ផ្ទាល់ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេ និងមួយផ្នែកទៀតនឹងត្រូវបរិច្ចាគសម្រាប់ការការពារជីវចម្រុះក្នុងសហគមន៍។

តើអ្នកអាចធ្វើអ្វីខ្លះនៅក្នុងសហគមន៍?

• ទទួលបានបទពិសោធន៍នៃការស្នាក់នៅផ្ទះស្នាក់សហគមន៍

• បោះជំរុំតង់លើកោះឆ្នេរខ្សាច់សក្បុសតាមដងទន្លេ

• ជិះកង់ទៅមើលសត្វស្លាប

• ដំណើរកំសាន្តតាមទូកគយគន់ទេសភាពព្រៃលិចទឹក និងថ្ងៃលិចដ៏ស្រស់ស្អាត

• ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច

• នេសាទត្រីលក្ខណៈប្រពៃណីប្រចាំថ្ងៃជាមួយសហគមន៍

• រាវចាក់ច្រែង និងជីកចង្រឹងដូងខ្សាច់ និងចម្អិនផ្ទាល់

• ដើរកំសាន្តក្នុងព្រៃសហគមន៍ព្រៃឈើ និងព្រៃលើកោះរងាវ

• ទស្សនាសត្វស្លាបប្រមាណ ២១៨ប្រភេទ ជាពិសេសសត្វស្លាបកម្រជិតផុតពូជ

• រីករាយជាមួយឆ្នេរខ្សាច់សក្បុសនារដូវប្រាំង និងហែលទឹកថ្លាឆ្វេង (ខែវិច្ឆិកា ដល់ឧសភា)

សេវាកម្មសហគមន៍

• ម្ហូបអាហារ

• ផ្ទះស្នាក់សហគមន៍

• បោះជំរុំតង់

• អ្នកនាំភ្ញៀវ

• ជួលទូក និងកង់

• ទស្សនាសត្វស្លាបប្រមាណ១៩០ ប្រភេទ

• ដាំដើមឈើទុកជាអនុស្សាវរីយ៍

ធ្វើដូចម្តេចដើម្បីទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិប?

លោកអ្នកអាចទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិបតាមរយៈរថយន្ត ម៉ូតូ ឬកង់។ សហគមន៍នេះមានចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៧ ពីទីរួមខេត្តក្រចេះទៅខេត្តស្ទឹងត្រែង និងចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែងទៅខេត្តក្រចេះ​ ៣៥០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕

ដោយ​៖សហការី​


ចែករំលែក៖