ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​៖​ ចូលរួមថែរក្សាបរិស្ថាន ហើយជំនាញនឹងជួយមើលក្នុងការថែរក្សាជម្រកបង្គា ,ក្តាម ជាពិសេសប្រសិនបើការប្រមូលទិញឃើញមានក្តាមញីពង គឺត្រូវលែងត្រឡប់ទៅវិញ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​ ៖​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ នៅព្រឹកថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ បន្ទាប់ពីបានជួបជាមួយកសិករកែច្នៃបង្គាក្រៀម នៅឃុំ​អូរឧកញ៉ាហេង ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។ 

លោករដ្ឋមន្ត្រី​ បន្តថា​ ខ្ញុំសូមគាំទ្រ​ និងលេីកទឹកចិត្តដល់​កសិករដែលធ្វើការនៅក្នុងសហគមនេសាទឱ្យមាននិរន្តភាព និងចូលរួមថែរក្សាបរិស្ថាន ហើយជំនាញនឹងជួយមើលក្នុងការថែរក្សាជម្រកបង្គា ក្តាម ជាពិសេសប្រសិនបើការប្រមូលទិញឃើញមានក្តាមញីពង គឺត្រូវលែងត្រឡប់ទៅវិញ ។

សូមជម្រាបដែរថា​ កាលពីថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ថ្មីៗ​នេះ​ លោករដ្ឋមន្ត្រី​ បានទៅដល់កោះអាចម៍សេះ និងបានស្វែងយល់ពីការងារអភិរក្សជលផលសមុទ្រកម្ពុជា អនុវត្តដោយអង្គការ Marines Cooperation Cambodia (MCC)​ ដោយមានការចូលរួមសហការយ៉ាងសកម្មពីអាជ្ញាធរយើង។ ជាមួយគ្នានោះ​ លោករដ្ឋមន្ត្រី​ បានណែនាំឱ្យរដ្ឋបាលជលផល​ អាជ្ញាធរខេត្ត និងអង្គការ​ MCC រួមគ្នាកំណត់​ជីភីអេស​ (GPS) នៅលើផែនទីតំបន់ហាមឃាត់ ដើម្បីបងប្អូនប្រជានេសាទងាយស្រួលចូលរួមសហការអនុវត្ត។ ចំពោះអ្នកល្មើសច្បាប់ លោក​ ឌិត​ ទីណា​ ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរ​ពង្រឹងវិធានការ ទាំងការអប់រំ ការដាក់សម្ពាធផ្លូវចិត្ត និងផ្លូវច្បាប់ ដើម្បីធានាការពារនិរន្តរជាតិធនធានសមុទ្រ។ 

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​កសិកម្ម​ បានគូសបញ្ជាក់ដែរថា៖​ នៅតាមផ្លូវត្រឡប់មកវិញ លោកបានចូលរួមលែងក្តាមសេះញីមានពង​ ដើម្បីជួយបង្កើនបរិមាណក្តាម និងទម្លាក់ថ្មប្រអប់បេតុងចូល​ក្នុងសមុទ្រ ដើម្បីបង្កើតបានជាជម្រកការពារជលផលសមុទ្រពីការ​នេសាទខុសច្បាប់ផងដែរ៕

ដោយ​៖ ស​ តារា​


ចែករំលែក៖