ភ្នំពេញ ៖ បទល្មើសលួច ឆក់ កើតមានក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាល់តែថ្ងៃ មិនថាយប់ មិនថាថ្ងៃ ចោរឆក់កាបូបលុយ ទូរស័ព្ទ ឆក់មិនស្វាង មិនដែលនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ចោរបាន លើកនេះ កើតមានករណីឆក់ខ្សែ.ក មួយករណី បានប្រជាពលរដ្ឋច្រូតស្មៅគោ ឃេីញជួយដេញចាប់ ប្រគល់ជូននគរបាលខណ្ឌពោធិ៍សែនជ័យ វិញ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ចាន់ មិ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ខ្សែកដែលក្រុមចោរឆក់យក ខ្សែកមាសទម្ងន់ជាង១តម្លឹង យកបានមកវិញ តែបាត់បន្តោងហើយ ។
ចំណែកជនសង្ស័យ ទាំង២នាក់ ត្រូវបាននគរបាលនាំចូលប៉ុស្តិ៍ មិនអនុញ្ញាតឲ្យថត ឬសាកសួរពីអត្តសញ្ញាណឡើយ គ្រាន់តែដឹងថា ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលឌុបកូន២នាក់ មកពីសាលារៀន ដោយធ្វើដំណើរតាមរយៈម៉ូតូស្កូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IB-2541 ជិះជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ តាមមកឆក់ផ្តាច់យកខ្សែក បានសម្រេចហើយជិះគេចខ្លួន ភ្លាមៗ បានប្រជាពលរដ្ឋ អ្នកច្រូតស្មៅគោ ក្បែរនោះឃើញ ស្រែកនិងដេញតាម រហូតដល់ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ តាមទាន់ចាប់បានទាំង២នាក់ យកខ្សែកបានមកវិញ ខ្សែដាច់បន្តោងជ្រុះបាត់ ។
ជនសង្ស័យទាំង២នាក់ ក្រោយពីពលរដ្ឋ និងក្រុមគ្រួសារជនរងគ្រោះដេញតាមចាប់បាន រួចប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោម នាំយកទៅចាត់ការតាមផ្លូវច្បាប់ ៕
IMG_1828 IMG_1832 IMG_1830 IMG_1829
ដោយ៖សុខាសែនជ័យ