ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូស្គូពី បោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្ត២គ្រឿងជាបន្តបន្ទាប់ ក្នុងដំណើរស្របទិសគ្នា រួចហើយដួលរងរបួសដៃឆ្វេងខ្លួនឯងយ៉ាងដំណំ។
ហេតុការណ៍គ្រោះចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សុី ត្រង់ចំណុចភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-9539 តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកពីក្រោយផ្នែកចំហៀងខាងឆ្វេង រថយន្តម៉ាកឡិចសុីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-7002 រួចបន្តទៅបុកពីក្រោយចំចំហៀងខាងស្តាំ រថយន្តម៉ាក ALPHARD ពណ៌ស្ករ ពាក់ស្លាកលេខ កម្ពុជា LMLUCKY ទើបដួល បណ្តាលឱ្យរងរបួសខ្លួនឯង ភ្លាត់ដៃឆ្វេង ។
ក្រោយកើតហេតុ កំណាត់ផ្លូវខាងលើមានការកកស្ទះចរាចរណ៍ជាខ្លាំង ហើយបន្តិចក្រោយមកសមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ យកយានយន្តទាំង៣គ្រឿងដាក់កៀន ដើម្បីឱ្យភាគីទាំងអស់និយាយសម្រួលគ្នា ទីបំផុតត្រូវបានខាងម៉ូតូសុខចិត្តចេញថ្លៃជួសជុលរថយន្តទាំង២គ្រឿង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុនិងយុវជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យដោយខ្លួនឯង ៕
ដោយ៖សុខាសែនជ័យ