ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា វ៉ាន់ដេត បានចុះជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី សរុបចំនួនប្រមាណ ២.២៩៨នាក់ នៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  បានចុះជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី សរុបចំនួនប្រមាណ ២.២៩៨នាក់ ស្ថិតនៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។ ការជួបជុំនេះ រៀបចំឡើងជា ៣កម្មវិធី នៅតាមទីតាំងផ្សេងៗគ្នា ដែលកម្មវិធីទី១ ខ្ញុំបានជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី សរុបប្រមាណ ៣៣៤នាក់ នៅភូមិកញ្ចាង បន្ទាប់មកខ្ញុំបន្តទៅជួបបងប្អូកម្មករ កម្មការិនីយើងសរុបប្រមាណ ១.០០៨នាក់ទៀតនៅសាលាធម្មសភា វត្តក្រាំងពង្រ និងចុងក្រោយខ្ញុំបានជួបបងប្អូនកម្មករ កម្មការនីសរុបចំនួន ៩៥៦នាក់ នៅនៅសាលាធម្មសភា វត្តភ្នំទទា។

លោករដ្ឋមន្ត្រីបានថ្លែងថា, ក្នុងកម្មវិធីនេះ ក្រៅអំពីការការសាកសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី ខ្ញុំក៏បានជម្រាបជូនអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច និងការជួយសម្រួលបន្ទុកដល់កម្មករ ​ប្រជាកសិករនិងក្រុមគ្រួសារអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ជាចុងក្រោយ ខ្ញុំបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជាពិសេសអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

ដោយ : សហការី


ចែករំលែក៖