ខេត្តកំពង់ចាម ៖ ថ្ងៃនេះឆ្លៀតឱកាសបានមកពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្នាក់ការ និងសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ ខេត្តកំពង់ចាម។ នេះជាការថ្លែង របស់លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា, តាំងនាមឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ខ្ញុំពិតជាសូមសម្តែងថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ សមាជិកសមាជិកាគណបក្ស ចំពោះការចូលរួមតាមគ្រប់រូបភាពទាំងកម្លាំងកាយចិត្ត ទាំងថវិកា ជួយជ្រោមជ្រែងដល់ការងារគណបក្ស និងការងារបម្រើប្រជាពលរដ្ឋ។
លោកថ្លែងបន្តថា, រហូតមកដល់ពេលនេះ ការសាងសង់ សម្រេចបានប្រមាណ ៧០-៧៥ ភាគរយហើយ ដែលគ្រោងបញ្ចប់នាពេលឆាប់ៗខាងមុខ ដើម្បីឱ្យបងប្អូន ពូមីងសមាជិក សមាជិកា និងយុវជនគណបក្ស គណៈកម្មាធិការគណបក្សស្រុក ឃុំ និងសាខាគណបក្សភូមិ ប្រើប្រាស់អគារមួយនេះ បំពេញភារកិច្ចតាមការចាំបាច់ បម្រើប្រជាពលរដ្ឋ និងធ្វើការជួបជុំសមាជិកគណបក្ស ៕
ដោយ : សិលា