ភ្នំពេញ ៖ ក្រុមជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំភ្លើងខ្លី កាំបិត មកស្ទាក់ភ្ជង់ប្លន់យកកាបូបលុយពីប្តីប្រពន្ធមួយគូដែលកំពុងជិះម៉ូតូវិលត្រឡប់មកពីលេងផ្ទះបងប្អូនវិញ ហើយក្រោយពីប្លន់បានហើយក្រុមជនសង្ស័យបានគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវ៣០ម៉ែត្រ ខាងត្បូងផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-9509 ឌុបគ្នាវិលមកពីលេងផ្ទះបងប្អូននៅក្បែរវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ឆ្ពោះទៅផ្ទះនៅផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រពីជើងទៅត្បូង ប៉ុន្តែពេលជិះហួសផ្សារទួលពង្របានបន្តិច ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូហុងដាឌ្រីម មានគ្នា២នាក់មកធ្វើសកម្មភាពលូកដកយកសោម៉ូតូតែមិនរលត់ ជនរងគ្រោះបន្តជិះទៅមុខបានបន្តិច ក្រុមជនសង្ស័យមកកៀរម្តងទៀត ជនរងគ្រោះលើកជើងធាក់ទៅលើជនសង្ស័យ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងផ្សេងទៀត ប្រដាប់ដោយកាំភ្លើងខ្លី កាំបិត មកភ្ជង់គំរាមឆក់យកកាបូបបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្តិភាព ។
សម្ភារក្នុងកាបូបមានលុយ ខ្សែកមាសនិងខ្សែដៃ ទម្ងន់១តម្លឹងកន្លះ ទូរស័ព្ទដៃ២គ្រឿង សរុបអស់ជាង៦.០០០ដុល្លារ។
ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមរកចាប់ខ្លួនក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាព លួច ឆក់ ប្លន់ ក្នុងមូលដ្ឋានយកមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖សុខាសែនជ័យ