ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះបន្ទប់ជួលមួយកន្លែងរងការខូចខាតអស់សម្ភារៈក្នុងផ្ទះមួយចំនួនតែមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ឬបង្កឲ្យមានមនុស្សរងរបួសនោះឡេីយ ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកេីតឡេីងកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២២ ស្ថិតនៅផ្លូវបេតុង ក្រុម២ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ កម្មករ ដែលបានជួលបន្ទប់ខាងលើនេះ បានជួលស្នាក់នៅ និងបានចាក់សោបន្ទប់របស់គាត់រៀងៗខ្លួន បន្ទាប់មកនាំគ្នាចេញទៅធ្វើការបាត់អស់ ខណៈពេលនោះ ក៏ស្រាប់តែមានអ្នកជិតខាងបានឃើញមានអណ្តាតភ្លើង និងផ្សែងហុយចេញពីបន្ទប់ឈើប្រក់ស័ង្កសីនៅជាន់ទី១ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបភ្លាមៗនោះ បាននាំគ្នាជួយទាញទុយោទឹក និងបំពង់បាញ់ពន្លត់អគ្គិភ័យជាច្រើនបំពង់បាញ់ការពារទប់ស្កាត់ ដើម្បីកុំឱ្យមានការឆេះរាលដាលបន្តដល់បន្ទប់ឈើជាប់ៗគ្នា និងផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះ បន្ទាប់មកក៏ឃើញមានការចុះជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកជួយបាញ់ទឹកការពារ និងពន្លត់ឱ្យរលត់ទៅវិញអស់ទាំងស្រុង នៅវេលាម៉ោង១១ និង១០នាទីថ្ងៃខែឆ្នាំដដែល។
សូមបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ គឺពុំបណ្តាលឱ្យមានអ្នករងរបួសនោះទេ ដោយគ្រាន់តែរងការខូចខាតសម្ភារៈបន្តិចបន្តួចតែប៉ុណ្ណោះ។ តែអ្វីដែលគួរឱ្យរំភើបនោះ គឺកម្មករសំណង់ម្នាក់ ខំរត់មកពីកន្លែងធ្វើការ ខណ:ឮថា ឆេះបន្ទប់ជួលរបស់គាត់ ដោយគាត់នឹកស្មានថាលុយចំនួន១០០០ដុល្លារ ដែលគាត់ខំសន្សុំទុកក្នុងកូនសៀវភៅមួយក្បាលរបស់គាត់ ត្រូវភ្លើងឆេះអស់ តែសំណាងល្អ លុយ១០០០ដុល្លារ ជារបស់គាត់ គឺនៅល្អទាំងអស់ ចំណែកឯ កូនសៀវភៅវិញ ត្រូវភ្លើងឆេះអស់ជិតពាក់កណ្តាលទៅហើយ៕
ដោយ៖ ភារ៉ា ដង្កោ