ភ្នំពេញ ៖ ឯណាទៅភូមិសង្កាត់មានសុវត្តិភាពខណៈបទល្មើស លួច ឆក់ ប្លន់ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ សកម្មភាពកើតឡើងរាល់តែថ្ងៃ ធ្វេីឱ្យពលរដ្ឋលែងហ៊ានចង់ចេញពីផ្ទះ។
ជាក់ស្តែងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ខាងក្រោយប៉ុស្តិ៍កាកាបទី១ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ បានសម្រេច ពលរដ្ឋឃើញស្រែកផ្អើលឆោឡោ ជនសង្ស័យភ័យស្លន់ផ្តួលម៉ូតូរត់គេចខ្លួនបាត់ សមត្ថកិច្ចបានត្រឹមយកម៉ូតូទៅរក្សាទុក ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូតាមផ្លូវបេតុងក្នុងភូមិ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-4635 តាមពីក្រោយហើយឆក់យកទូរស័ព្ទ I phone ពីដៃជនរងគ្រោះ បានសម្រេចហើយ ព្យាយាមជិះគេចខ្លួន។ ភ្លាមនោះជនរងគ្រោះស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ បងប្អូនប្រជាពលរដ្ឋ អ្នកភូមិឃើញ ជួយដេញ ស្រែក ពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូចោល រត់ឡើងជិះម៉ូតូបក្ខពួកមួយគ្រឿងទៀតគេចទៅបាត់ យកទាំងទូរស័ព្ទរបស់ជនរងគ្រោះទៅជាមួយផង ។
ក្រោយកើតហេតុ ម៉ូតូរបស់ជនល្មើសត្រូវបាន សមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍កាកាបទី១ ដើម្បីបន្តស្រាវជ្រាវ ៕
ដោយ៖សុខាសែនជ័យ