ព័ត៌មានទាន់ហេតុការណ៍៖

សាពូន មីដាដាមិនចង់ឱ្យកូនស្រីចូលសិល្ប: ខណ:សឿ សុធារ៉ា ជម្រុញឱ្យចូលប្រឡូកទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍ជុំវិញករណីតារាសម្តែង សឿ សុធារ៉ា ខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ក្រោយពីម្តាយរបស់នាងបានទទួលមរណភាព ខណៈផ្លូវចិត្តរបស់នាងក៏មិនទាន់ធូរស្បើយ។ក្នុងនោះកូនស្រីបណ្តូលចិត្តរបស់អ្នកនាងក៏បានចេញមុខធ្វើការច្រៀង និងលេងឧបករណ៍តន្ត្រីទទួលបានការសរសើរខ្លាំងពីទស្សនិកជនថាមានដុងមិនចាញ់ឪពុកឡើយ។ 

  មុននេះម្ចាស់បទ និយមន័យស្នេហ៍ លោក សាពូន មីដាដា បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទោះបីជាបែបនេះក៏ពិតមែន ក៏នៅតែមានទស្សនិកជនជាច្រើន នៅតែមានការនឹករលឹក ទៅដល់លោកជាខ្លាំង ជាពិសេសរាល់បទចម្រៀងរបស់ លោក សាពូន មីដាដា គឺនៅតែមានការពេញនិយមចូលចិត្តស្តាប់ពីសំណាក់មហាជនផងដែរ ។ ដោយឡែកបើយើងក្រឡេកមកមើល ជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ បច្ចុប្បន្ន លោក សាពូន មីដាដា ត្រូវបានគេដឹងថាលោកបានលែងលះគ្នាជាមួយនិង អតីតភរិយារបស់លោកហើយនោះគឺ តារាសម្តែង សឿ សុធារ៉ា ហើយមានកូនៗចំនួន ២ នាក់ដែលជាដំណក់ឈាម មុនពេលលែងលះទៀតផង។ ជាក់ស្តែងអ្វីដែលកាន់តែធ្វើឲ្យមហាជន មានការរំជួលចិត្តនោះគឺ ថ្មីៗនេះគេបានឃើញ កូនស្រីរបស់តារាចម្រៀងប្រុស រូបនេះបានច្រៀង បទចម្រៀងរបស់ឪពុកខ្លួន យ៉ាងពិរោះ រហូតធ្វើឲ្យលោក សាពូនមីដាដា រំជួលចិត្តពេកក៏ ចេញមកទម្លាយពាក្យនៅក្នុងចិត្តដាក់កូនស្រីបែបនេះថា ៖ « កូនស្រីមាសឪពុកច្រៀងចម្រៀងផ្ញើមកពុក ឲ្យពុកសណ្តាប់សំរានលក់ស្រួល  កូនស្រីដ៏កំសត់របស់ពុក ឆាកជីវិតគឺកំសត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជម្រុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បៈដូចឪពុកទេ ៩ឆ្នាំហើយដែលពុកចាកចេញពីវិថីសិល្បៈដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខចុះកូន » ។  ស្របពេលនេះ  គេកត់សម្គាល់ឃើញថាថ្មីៗនេះ  អ្នកដឹកនាំរឿងល្បីឈ្មោះលោកកៅសីហា  បានបញ្ចេញពីសកម្មភាពកន្លងទៅរបស់កូនស្រី សុធារ៉ាក្នុងសម្តែងភាពយន្ត  ហើយលោកប្រកាន់ចំហរនិងយកក្មេងស្រីរូបនេះចូលប្រឡូកសិល្បៈ  ។ យ៉ាងណាមិញជុំរឿងរ៉ាវនេះគេនៅមិនទាន់ដឹងថាក្មេងស្រីតូចរូបនេះនឹងសម្រេចចិត្តតាមឪពុក  រឺក៏ម្តាយខណៈអ្នកនាង  សុធារ៉ាក៏ជម្រុញកូនស្រីឱ្យចូលសិល្បៈដែរ ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖