ភ្នំពេញ ៖ លោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ តែងតាំងជាអនុរដ្ឋលេខាធិការ ។ ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា, លោក យ៉ង សាំងកុមារ អតីតថ្នាក់ដឹកនាំដ៏សំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទខណៈលោក ឡឹក សុធារ ដែលជាមនុស្សជំនិតមួយរូបរបស់លោក ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
សូមជំរាបថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត យ៉ង សាំង កុមារ និងលោក ឡឹក សុធារ ដែលជាថ្នាក់ដឹកនាំ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងការស្នើសុំនេះ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូន សម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។
បន្ទាប់ពីស្នើសុំចូលរួមជីវភាពនយោបាយនេះ លោក យ៉ង សាំងកុមារ និង លោក ឡឹក សុធារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបពិភាក្សាការងារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយក្នុងនោះក៏មានការចូលរួមពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
ក្រោយបញ្ចប់ជំនួប លោកបណ្ឌិត យ៉ង សាំងកុមារ បានបង្ហាញចំណាប់អារម្មណ៍របស់លោក បានលើកឡើងថា ភាគីទាំងអស់ មានទស្សនវិស័យដូចគ្នា ទាក់ទងនឹងវិស័យកសិកម្ម ដែលអាចធ្វើការជាមួយគ្នាបាន។
«ជាទូទៅយើងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត នៅលើបណ្តាញសង្គមហ្វេសប៊ុក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ បានបង្ហោះលើផេកផ្លូវការសម្តេចថា ,ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិតយ៉ង់ សាំងកុមារព្រមលោកឡឹក សុធាលើការងារកសិកម្មដែលលោកទាំងពីរនាក់ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ដោយឡែកលោក ដាំ សិដ្ឋ អតីតជាតំណាងរាស្ត្រគណបក្សប្រឆាំង មណ្ឌលរាជធានីភ្នំពេញ និងជាចាងហ្វាងកាសែត មនសិការខ្មែរ ការសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា, អ្នកក្រៅប្រទេសបានមកកម្សាន្តស្រុកខ្មែរ បានមើលឃើញយ៉ាងច្បាស់ពី ការអភិវឌ្ឍន៍ សន្តិភាព ភាពរីកចម្រើននៅកម្ពុជា ដូច្នេះក្រុមប្រឆាំង ពិបាករកកលល្បិចបោកអ្នកក្រៅប្រទេសបានទៀតឡើយ ៕
ដោយ : សិលា