ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃអង្គារទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន ៨នាក់(ស្រី៤នាក់) និងរបួសស្រាលចំនួន ១នាក់ (ស្រី១នាក់) ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន ១២នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៦លើក ក្នុងនោះ ល្បឿន ១លើក មិនគោរពសិទ្ធ ៣លើក ស្រវឹង ១លើក កត្តាយាន ១លើក។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល១៤នាក់។
គួរបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែងគ្រោះថ្នាក់, បត់ខ្វះការប្រុងប្រយ័ត្នក្នុងតំបន់គ្រោះថ្នាក់ និងសេពគ្រឿងស្រវឹង៕
ដោយ៖ស តារា(រូបថត៖ ឯកសារ)