ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ សូមចូលរួមអបអរសាទរដល់មហាសន្និបាតតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យគួរជាទីមោទនៈ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមជាសមាជិកម្នាក់ ខ្ញុំសូមចូលរួមអបអរសាទរដល់មហាសន្និបាតតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងសូមថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមធ្វើឲ្យដំណើរការនៃមហាសន្និបាតបានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យគួរជាទីមោទនៈ។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ 

លោកប្រធានថ្លែងថា, ខ្ញុំពិតជាសប្បាយរីករាយដែលបានឃើញក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាបានរីកលូតលាស់ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ និងបានចេញធ្វើសកម្មភាពជូនជាតិមាតុភូមិយ៉ាងសស្រាក់សស្រាំគ្រប់ៗរូបក្នុងស្មារតីយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ និងស្មារតី ២ធ្នូ។ អ្វីដែលយើងបានខិតខំប្រឹងប្រែង មិនសំខាន់ថាមានអ្នកទទួលស្គាល់ ឬ មិនទទួលស្គាល់នោះទេ គោលដៅរបស់យើងនោះគឺ យើងធ្វើកិច្ចការដើម្បីជាតិ និងប្រជាជន។

លោក ហ៊ុន ម៉ានី បានលើកឡើងថា, ក្នុងនាមជាសមាជិកមួយរូបនៃ ក្រុមគ្រួសារ ស.ស.យ.ក. ខ្ញុំសូមចូលរួមអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានគណៈកម្មាធិការកណ្តាល បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។ ហើយក្នុងនាមជាប្អូន ខ្ញុំពិតជាមានមោទកភាពចំពោះបងប្រុស និងសូមគោរពជូនពរបងប្រុសទទួលបានជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជន ជាពិសេស តាមរយៈតួនាទីថ្មីមួយនេះ។

លោកបន្តថា , សូមចូលរួមអបអរសាទរ លោក ទៀ សីហា អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និង លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ដែលទទួលបានការទុកចិត្តពីគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា៕

ដោយ : សិលា


ចែករំលែក៖