ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងអារម្មណ៍រំភើបរីករាយក្រៃលែង ចំពោះជោគជ័យ នៃការដាក់បញ្ចូល “គុនល្បុក្កតោ” ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ(UNESCO) នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្ដររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្ការយូណេស្កូ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីយប់មិញ ។
អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ខាងលើ បានចាត់ទុកការចុះបញ្ចី គុនល្បុក្កតោ នេះ គឺជាជោគជ័យ និងជាមោទនភាពដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងគ្រប់ជំនាន់ សម្រាប់ទុកជាកេរដំណែលឲ្យពិភពលោក និងមនុស្សជាតិទាំងអស់ ចូលរួមអភិរក្ស និងអភិវឌ្ឍន៍ ចំពោះក្បាច់គុនបុរាណ និងជាសម្បត្តិរបស់បុព្វបុរសខ្មែរ ហើយក៏ជាការបន្ថែមនូវគុណតម្លៃដ៏វិសេសវិសាលបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាបានដាក់បញ្ចូល គុនល្បុក្កតោ ក្នុងការប្រកួតផងដែរ ។
ក្នុងនាមថ្នាក់ដឹកនាំសំខាន់មួយរូប នៃការជំរុញការចុះបញ្ជីក្បាច់គុនអត្តសញ្ញាណជាតិខាងលើ ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា ជាពិតការរៀបចំឯកសារ វីដេអូឯកសារ និងសំណើរពាក់ព័ន្ធ នឹងការស្នើសុំអង្គការយូណេស្កូ រហូតត្រូវបានអនុម័ត គុនល្បុក្កតោ ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ NOCC, សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មហាគ្រួសារគុនល្បុក្កតោកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកជំនាញជាតិ និងអន្ដរជាតិ ពិសេសដោយទទួលបានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
លោករដ្ឋមន្ដ្រី ថោង ខុន បន្ដថា «ជោគជ័យនេះ មិនមែនតែខ្ញុំទេ មានព្រឹទ្ធាចារ្យ លោកគ្រូតា និងសកម្មជន សិស្សគុនល្បុក្កតោទាំងអស់ ទាំងខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំកន្លងមក ពិតជាការលះបង់ នូវកម្លាំងកាយចិត្ត បញ្ញាស្មារតី និងការតស៊ូក្រាញននៀល ក្នុងដំណើរឆ្ពោះទៅដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌនេះ ប្រមាណជាង ១ទសវត្សរ៍មកហើយ ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ព្រឹទ្ធាចារ្យ លោកគ្រូតា កីឡាករ-កីឡាការិនី និងរាជរដ្ឋាភិបាល ពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំសំណើដាក់ចូលជាសម្បត្តិបេតិកភណ្ឌនេះ» ។
នេះគឺជាជោគជ័យថ្មីមួយទៀត ដើម្បីលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយនឹងបាត់បង់ ។ ដំណាលគ្នា កម្ពុជាក៏បានដាក់បញ្ចូនកីឡា គុនល្បុក្កតោ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ ។ ដូច្នេះការចុះបញ្ជីនេះ សបញ្ជាក់ឲ្យឃើញពីការអភិវឌ្ឍ និងអភិរក្ស ក៏ដូចជាការអភិរក្ស ដើម្បីការអភិវឌ្ឍន៍ ក្បាច់គុនរបស់បុព្វបុរសខ្មែរ យ៉ាងពិតប្រាកដ ហើយក៏ជាការលើកនូវគុណតម្លៃដ៏អស្ចារ្យ សម្រាប់ក្បាច់គុនល្បុក្កតោ ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា បន្ទាប់ពីការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ នាឆ្នាំ២០២៣ ខាងមុខ ។ នេះបើតាមការបន្ថែមរបស់លោករដ្ឋមន្ដ្រី ថោង ខុន ។
ប្រមុខចលនាអូឡាំពិកកម្ពុជាដដែល បន្ថែមថា «បន្ទាប់ពីបានចូលជាបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិនេះ យើងនឹងមានការងារជាច្រើនត្រូវធ្វើ។ យើងត្រូវមានការរួមគ្នាទាំងអស់គ្នាថែមទៀត ដើម្បីថែរក្សា និងអភិវឌ្ឍន៍ អភិរក្សកីឡាអត្តសញ្ញាណជាតិ ដែលជាកេរដំណែលនៃដូនតាយើង ជាគុណតម្លៃសាកលនេះបន្ថែមទៀត។ យើងមានភារកិច្ចច្រើនទៀត ដែលត្រូវធ្វើ វាជាមហិច្ឆតារបស់យើង គឺយើងគ្រោងនឹងឆ្ពោះទៅធ្វើឲ្យសកម្មភាពហ្វឹកហាត់គុនល្បុក្កតោ ឬក៏សកម្មភាពអប់រំ បង្កើតនូវកម្មវិធីអប់រំគុនល្បុក្កតោ នៅគ្រប់គ្រឹះស្ថានសិក្សា និងនៅគ្រប់វត្តអារាមទាំងអស់ ឲ្យបានជ្រួតជ្រាបពេញទូទាំងប្រទេស ហើយបញ្ជ្រាបទៅគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក ឲ្យស្គាល់ច្បាស់អំពីព្រលឹងនៃគុនល្បុក្កតោរបស់យើង ដែលមានគុណធម៌ល្អ មានសីលធម៌ល្អ ហើយជាការអប់រំកាយ ការអប់រំចិត្ត ដ៏ប្រពៃសម្រាប់មនុស្សជាតិរស់នៅលើផែនដីនេះ»៕
ប្រភព : ក្រសួងទេសចរណ៍