ខេត្តកោះកុង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ មានករណីក្មេងស្រីម្នាក់ បានចងកធ្វើអត្តឃាតសម្លាប់ខ្លួន នឹងខ្សែទំហំ ១០លី ព្រោះតែរឿងអាណាព្យាបាលស្ដីបន្ទោសឱ្យបន្តិចបន្តួច។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញនេះ ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញអធិការដ្ឋានស្រុកបូទុមសាគរ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយ លោកគ្រូពេទ្យមណ្ឌលសុខភាព និងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យសពឈ្មោះ បៀប ម៉ូលីកា ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
តាមរយៈការពិនិត្យ សពមានស្លាកស្នាមជាំ ត្រង់ក ទៅត្រចៀកម្ខាងទៅម្ខាង និងស្នាមជាំត្រង់ខ្នង និងមាត់ខាំចុងអណ្ដាត។ តាមការបញ្ជាក់ពីលោកគ្រូពេទ្យ សពពិតជាបានស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដមែន ។
យោងតាមការបំភ្លឺរបស់បងស្រី និងម្ដាយសព បានបញ្ជាក់ថា សពបានខឹងពីការស្ដីបន្ទោសរបស់ក្រុមគ្រួសារ ។
បច្ចុប្បន្ន សពបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ អរុណរះ