ព័ត៌មានទាន់ហេតុការណ៍៖

សោកស្តាយម៉ិកស៊ិកធ្លាក់ក្នុងវគ្គចែកពូលទោះបីឈ្នះអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

ម៉ិកស៊ិកបានយកឈ្នះអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល ២-១ ប៉ុន្តែបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោកក្នុងវគ្គចែកពូលយ៉ាងសោកសៅដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីកាលពីរាត្រីថ្ងៃទី៣០ជារឿងមិនគួរឱ្យជឿក្នុងទីក្រុងដូហា។

ខណៈដែលអាហ្សង់ទីនបានយកឈ្នះប៉ូឡូញ ២-០ ក្នុងពូល C នៅកីឡដ្ឋាន 974 ហើយម៉ិកស៊ិកនាំមុខអារ៉ាប៊ីសាអ៊ូឌីត ដូចគ្នានៅកីឡដ្ឋាន Lusail នៅនាទីទី៩៤ ក្រុមរបស់លោក Gerardo Martino ត្រូវការ១គ្រាប់ទៀតដើម្បីរារាំងប៉ូឡូញក្នុងការឡើងទៅកាន់វគ្គ១៦ក្រុម ដោយយោងទៅតាមច្បាប់លេងដោយយុត្តិធម៌របស់ FIFA។ ប៉ុន្តែគ្រាប់បាល់របស់កីឡាករ Salem Al Dawsari សម្រាប់អារ៉ាប៊ីសាអ៊ូឌីតបានបញ្ជូនក្រុមម៉ិកស៊ិកដែលមានការខកចិត្តត្រឡប់មកផ្ទះវិញ ដោយទុកឱ្យក្រុមប៉ូឡូញអបអរពេលបានឡើងទៅកាន់វគ្គ១៦ក្រុមទៅវិញ។

បន្ទាប់ពីការចាប់ផ្តើមតង់ទីមួយជាមួយនឹងទម្រង់លេងមិនសូវពេញចិត្ត និងមិនមានគ្រាប់បាល់បញ្ចូលទីនោះ ការប្រកួតបានកក្រើកឡើងក្នុងតង់ទី២ ហើយនៅនាទីទី៤៧កីឡាករ Henry Martin បានរកគ្រាប់បាល់១គ្រាប់ឱ្យមុិកសុិកនាំមុខក្រុមអារ៉ាប៊ីសាអ៊ូឌីតពីការបញ្ជូនបាល់របស់ Cesar Montes។

អ្នកគាំទ្រម៉ិកស៊ិកស្ទើរតែស្ងប់ស្ងាត់ការអបអរសាទររបស់ពួកគេ មុនពេលកីឡាករ Luis Chavez បានទាត់បាល់ហ្វ្រីឃីកចម្ងាយជិត៣០ម៉ែត្រចូលទីដ៏អស្ចារ្យធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោកងរំពឹងពេញកីឡដ្ឋានជាមួយនឹងជ័យជម្នះនេះ ប៉ុន្តែអ្វីៗបានប្រែប្រួលនៅពេលដែលគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Al Dawsari បានផ្លាស់ប្តូរក្តីរំពឹងរបស់ម៉ិកស៊ិកឲ្យខកចិត្តយ៉ាងខ្លាំង។

លទ្ធផល​នេះ​បញ្ចប់​ការ​បន្ត​ដំណើរ​ទៅ​វគ្គ១៦ក្រុមដោយ​បាន​ធ្វើឲ្យក្រុមម៉ិកស៊ិកបានធ្លាក់ត្រឹមវគ្គចែកពូលនេះ​នៅ World Cup លើកទី៨ចាប់តាំងពីឆ្នាំ១៩៧៨។ សម្រាប់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតការប្រកួតបានបញ្ចប់ដោយការខកចិត្តដោយការបញ្ចប់ជាក្រុមបាតតារាង បើទោះបីជាការទទួលជ័យជម្នះក្នុងការប្រកួតបើកឆាកលើក្រុមអាហ្សង់ទីន ដែលជាជ័យជម្នះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកក៏ដោយ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖