ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹង ទាស់ពាក្យសម្តីជាមួយអ៊ុំប្រុសរបស់ខ្លួនស្ទុះទៅយកកូនកាំបិតកាប់លើជនរងគ្រោះជាច្រេីនកាំបិតរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នេះបេីយោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មានករណីក្មួយប្រុសផឹកស៊ីស្រវឹង ទាស់សម្តីជាមួយអ៊ុំប្រុស យកកូនកាំបិតកាប់មកលើអ៊ុំប្រុសចំនួន ០៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ផ្អេីលសមត្ថកិច្ចចុះទៅឃាត់ខ្លួនទាំងយប់។ 

ហេតុការណ៍នេះ​ កើតឡើងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៧ និង២៥នាទី ចំណុចផ្ទះរបស់ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតនៅភូមិសំរោង ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងតាមការរៀបរាប់របស់ជនសង្ស័យឈ្មោះ ឆន សៅ បានឲ្យដឹងថា ៖ មុនពេលកើតហេតុ លោក និងបងថ្លៃឈ្មោះ វ៉ាន់ ធី ព្រមទាំងអ៊ុំប្រុសឈ្មោះ ភេ រំ បានផឹកស្រាជាមួយគ្នា លុះផឹកស៊ីបានយូរបន្តិច ខ្លួនក៏បានផឹកស្រាស្រវឹង និងបានទាស់ពាក្យសម្តី ជាមួយអ៊ុំរបស់ខ្លួនដែលបានផឹកជាមួយគ្នា នឹងបានស្ទុះ ទៅយកកូនកាំបិតដែលសៀតនៅជញ្ជាំងផ្ទះបាយ មកកាប់លើជនរងគ្រោះចំនួន ០៣កាំបិត ចំក្បាល ចំនួន០២កាំបិត និងចំកដៃឆ្វេង ចំនួន០១កាំបិត ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឱ្យដឹង​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា ៖ ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋអំពីករណីហិង្សាដោយចេតនា នៅចំណុចខាងលើ កម្លាំងប៉ុស្តិ៍បឹងបត់កណ្តោលចំនួន ០៣នាក់ បានចុះអន្តរាគមន៍ និងធ្វើការបង្ក្រាប ដោយឃាត់ខ្លួនជនបង្កឈ្មោះ ឆន សៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោល ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ 

សូមជម្រាបជូនថា​ ចំពោះជនរងគ្រោះឈ្មោះ ភេ រំ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំខាងលើ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន៕

ដោយ​៖សហការី​


ចែករំលែក៖