ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រកាសដាច់ខាតលើគ្លីនិកដើមអង្គ្រងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ករណីធ្វេសប្រហែស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅក្នុងឱកាសចុះសួរសុខទុក្ខស្ត្រីរំលូតកូនស្លាប់ក្នុងផ្ទៃនៅឯមន្ទីរពេទ្យកាល់ម៉ែត លោករដ្ឋមន្រី្តក្រសួងសុខាភិបាលសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ករណីស្រី្ត​រំលូតគភ៌​ស្លាប់ក្នុងផ្ទៃអាយុ១៨ សប្តាហ៍ នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្គង ភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បញ្ជាក់យ៉ាងដូច្នេះ​នាឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងករណីស្រី្ត​រំលូតគភ៌​ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្គង(ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ​ដែលពេលនេះ​កំពុងសម្រាក ព្យាបាលនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ, ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គ​នាយកមនី្ទរពេទ្យកាល់ម៉ែត​ រួមជាមួយក្រុមការងារគ្រូពេទ្យជំនាញ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា ហេតុការណ៍រំលូតគភ៌ក្នុងផ្ទៃស្ត្រីដែលមាន ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ​(ព្រៃទទឹង) ស្ថិតនៅតាមផ្លូវជាតិលេខ៣ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២២​ ភ្លាមៗនោះ ក្រសួងសុខា ភិបាលបាន​ចាត់​បញ្ជូន​ ក្រុមការងារបច្ចេកទេស​របស់ក្រសួង ដោយរួម​សហការ​ជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ  និងមន្ទីរសុខាភិបាលកំពង់ស្ពឺ ចុះពិនិត្យ​ស្រាវជ្រាវ​ករណីកើតហេតុបណ្តាលមកពីការរំលូតគភ៌​ក្នុងផ្ទៃស្រ្តីខាង លើ។

សាស្រ្តាចារ្យម៉ម ប៊ុនហេង ក្នុងនាមក្រសួងសុខាភិបាល ​សោកស្តាយជាពន់ពេហេតុការណ៍​រំលូតគភ៌​ក្នុងផ្ទៃអាយុ ​១៨សប្តាហ៍​ របស់ស្ត្រីដែលមាន ​ឈ្មោះខាងលើ នៅ​មន្ទីរសម្រាកព្យាបាលដើមអង្គ្រងដោយមន្ទីរសម្រាកព្យាបាល នេះ ​មានការ​ធ្វេសប្រហែសដោយអនុញ្ញាតឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញជាឆ្មបមែន​ តែឆ្មបរូបនេះ នៅមិនទាន់ទទួល​បានការ​បណ្តុះបណ្តាលបន្ថែមស្ដីពីការ​ រំលូតគភ៌​នៅឡើយ ដែលការអនុវត្ត​នេះ​ខុស​ពី​បច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ​ជា ពិសេសការណែនាំ​បច្ចេកទេស​ពី​មជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក និងបទដ្ឋាន​គតិយុត្ត​នានា​របស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។

បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះកំពុងតែសម្រាកព្យាបាល ​និងជួយសង្គ្រោះអាយុជីវិត ដោយ​យកចិត្តទុកដាក់ ​បំផុតពីក្រុមគ្រូពេទ្យ ​នៃមន្ទីរពេទ្យកាល់ម៉ែត​ និងដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖