ភ្នំពេញ ៖ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅរសៀលថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពី «ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» ដែលមានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយ លោក លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្លែងសុន្ទរកថាបិទដោយលោក ប្រាក់ ដាវីដ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្តថា, សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសិក្ខាកាមជាតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រមាណ១៣០រូប។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីបន្តលើកកម្ពស់ការយល់ដឹងដល់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលបរទេស ដើម្បីធានាថា អង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ យល់អំពីការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕
ដោយ : សិលា