ខេត្តកំពង់ចាម៖ លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ ចុះបង្រ្កាបរថយន្តដឹកឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ធា ដែលល្បីថារកសុីបទល្មើសអាងខ្សែលោកធំ នៅវេលាម៉ោង ៨និង ៣០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ និងកម្លាំងស្នាក់ការសន្តិសុខ៧០៦ ព្រមទាំងកម្លាំមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ាង ដឿន មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងមូដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង បានធ្វើការចាប់រថយន្តដឹកឈើអារចម្រុះចំនួន០២គ្រឿង នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានឃាត់រថយន្តសាំយ៉ុងពណ៌ទឹកប្រាក់គ្មានស្លាកលេខដឹកឈើអារលេខ២ចម្រុះ និងរថយន្តសាំយ៉ុងពណ៌ស្លែ គ្មានស្លាកលេខដឹកឈើអារលេខ២ ចម្រុះ ម្ចាស់រថយន្តរត់គេចខ្លួនបាត់អស់។
បច្ចុប្បន្នវត្តុតាង ខាងលើយកមកប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ វណ្ណៈ