ខេត្តព្រះសីហនុ៖ សូមអរអរសាទរចំពោះក្រុមស្រាវជ្រាវជីវៈចម្រុះបាតសមុទ្ររបស់ កម្មវិធីអភិរក្សតំបន់ឆ្នេរនិងសមុទ្រ ដែលបានបញ្ចប់កិច្ចការស្រាវជ្រាវនៅបាតសមុទ្រនៅប្រជុំកោះពូលូវ៉ៃ ប្រកបដោយជោគជ័យ ដែលមានការសហការពីក្រុមហ៊ុនខ្មែរដាយគ្រុប ខូដារដាយវឺ និង មូលនិធិកោះសង្សារ! នេះបេីយោងតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០២ ខែធ្នូ ឆ្នាំ២០២២។
លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថា យោងតាមក្រុមការងារស្រាវជ្រាវជីវៈចម្រុះបាតសមុទ្រ នេះជាលើកទី២ ក្នុងឆ្នាំ ២០២២ ដែលក្រុមស្រាវជ្រាវនេះ បានធ្វើការស្រាវជ្រាវជីវៈចម្រុះបាតសមុទ្រនៅទីតាំងកោះពូលូវ៉ៃនេះ ហើយក៏ជាក្រុមការងារដំបូងគេដែរបានធ្វើការស្រាវជ្រាវនេះផងដែរ។
កិច្ចការស្រាវជ្រាវនេះធ្វើឡើងដើម្បីវាយតម្លៃសក្តានុពល និងសុខភាពប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះបាតសមុទ្រ។ ក្រុមការងារ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេបញ្ជារការប្រចាំកោះពូលូវៃដែលបានជួយសម្រួលឱ្យការងាររបស់ក្រុមការងារស្រាវជ្រាវជីវៈចម្រុះបាតសមុទ្រ ប្រព្រឹត្តទៅដោយរលូន។
ប្រជុំកោះពូលូវ៉ៃ នៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយសក្តានុពល មានជីវៈចម្រុះសម្បូរបែប ប្រភេទផ្កាដ៏ស្រស់ស្អាត និងស្រស់បំព្រង។ ការថែររក្សាជម្រកផ្កាថ្មប៉ប្រះទឹក គឺមានសារសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចជាតិ និងប្រជានេសាទក្នុងតំបន់។ ជាមួយគ្នាផងដែរ ការលុបបំបាត់នូវវិធីនេសាទដែលគ្មាននិរន្តរភាព និងបំផ្លាញជម្រកផ្កាថ្មប៉ប្រះទឹក ពិតជាសំខាន់បំផុត ដើម្បីធានាបានសុខភាពសមុទ្រ កំណើនផលនេសាទ និងសក្តានុពលទេសចរណ៍៕ដោយ៖សហការី
ប្រភព៖ FFI Cambodia