ភ្នំពេញ ៖ រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឲ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឲ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ទន្ទឹមនិងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ សហព័ន្ធសហជីពឯករាជ្យកម្ពុជា មានឈ្មោះដើមហៅថា “ សហជីពកម្មករសង្គ្រោះជាតិកម្ពុជា ” បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺព្រមគ្នាជាមួយរណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។
នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៉ិត សំហេង ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសំណេះសំណាលមិទ្ទិញអបអរសាទរខួបអនុស្សារីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដោយមានអ្នកអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញប្រមាណ៦០០នាក់។
លោកបណ្ឌិតមានប្រសាសន៍បន្តថា ស្មារតី ២ធ្នូ ១៩៧៨ ដែលជារណសិរ្សនៃកម្លាំងមហាជនអ្នកស្នេហាជាតិគ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត ប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ផ្តើមចេញពីវីរភាពដ៏អង់អាចក្លាហាននេះ ទើបរណសិរ្សទាំងមូលអាចទទួលបានជ័យជម្នះ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ដើម្បីបុព្វហេតុសាមគ្គីភាព ឯកភាព ការកសាង ការស្តារ ការការពារ និងអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែលយើងចាត់ទុកថាជាបុព្វការី ពុំអាចបំភ្លេចបាន សមនឹងពាក្យស្លោកថា “ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីទាំងអស់ដូចសព្វថ្ងៃនេះ”។
លោកបណ្ឌិត ក៏បានលើកឡើងពីប្រវត្តិខ្លះៗ នៅក្នុងដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលសហជីពកម្មករសង្គ្រោះជាតិកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់។ ក្នុងការបង្កើតចលនាសហជីពនៅជំនាន់នោះ ក្នុងស្ថានភាពចេញពីបាតដៃទទេ កម្មករនិយោជិតទាំងចាស់ទាំងថ្មីដោយមានការជួយឧបត្ថម្ភ និងគាំទ្រពីចលនាកម្មករអន្តរជាតិជាមិត្តជិតឆ្ងាយ បានសាមគ្គីបំពេញភារៈកិច្ចរបស់ខ្លួនក្នុងចលនាស្នេហាជាតិយ៉ាងសស្រាក់សស្រាំទូទាំងប្រទេស។ លើមូលដ្ឋាននេះ សហព័ន្ធសហជីពកម្ពុជា ក៏បានបំពេញតួនាទី និងពង្រីកសកម្មភាពរបស់ខ្លួនធ្វើជាបង្អែកដ៏រឹងមាំដល់ចលនាកម្មករនិយោជិតក្នុងភារៈកិច្ចស្តារកសាងប្រទេសជាតិ ការស្វ័យដោះស្រាយ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន។ គ្រាន់តែប៉ុន្មានឆ្នាំប៉ុណ្ណោះ ផែនការជាតិជាច្រើនត្រូវបានអនុវត្តសម្រេចសមិទ្ធិផលធំៗជាស្នាដៃរួម របស់ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានកើតឡើង ជាបន្តបន្ទាប់លើគ្រប់វិស័យ ដូចជា វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៍ អប់រំ សុខាភិបាល ។ល។ ដែលជាសន្ទុះ និង សមិទ្ធិផលនៃស្នាដៃទាំងនោះបានរួមចំណែកក្នុងជំហានរីកចំរើនរបស់មាតុភូមិកម្ពុជាយ៉ាងពិតប្រាកដ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសហការីសហជីពទាំងអស់ដែលបាន ចូលរួមចំណែកធ្វើឱ្យប្រទេសជាតិ ទទួលបានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ លោករដ្ឋមន្រ្តីស្នើសុំអោយបងប្អូន សហជីពទាំងអស់ បន្តចូលរួមចំណែកក្នុងសកម្មភាព សង្គមនានា ថែមទៀត ជាពិសេសការចូលរួមការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត តាមរយៈ ការចូលរួមជំរុញ និងតាមដានការអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញក្នុងអំឡុងពេលជួបសំណេះសំណាល ចំនួន ៧៧ លើកកន្លងមក ជាមួយបងប្អូនកម្មរនិយោជិតជាងមួយលាននាក់ សំដៅពង្រឹងសុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកំពស់លក្ខខណ្ឌការងារ ការពារសិទ្ធិការងារ និងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនដល់កម្មករនិយោជិតយើង។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីគាំទ្រដល់ មូលនិធិសហជីព២ធ្នូ ជាការចូលរួមចំណែកសម្រាលទុក្ខលំបាកដល់សហជីពផងដែរ៕
ដោយ : សហការី