ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានសាកល្បងកាំជ្រួចវាយស្ទាក់ប្រភេទថ្មីដោយជោគជ័យពីកន្លែងសាកល្បងក្នុងប្រទេសកាហ្សាក់ស្ថាន

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃទី២ ខែធ្នូថា កងទ័ពអាកាសរុស្ស៊ីបានសាកល្បងដោយជោគជ័យនូវប្រព័ន្ធស្ទាក់ចាប់កាំជ្រួចមីស៊ីលថ្មីនៃប្រព័ន្ធការពារមីស៊ីល។
ការសាកល្បងនេះធ្វើឡើងនៅទីលានសាកល្បង Sary-Shagan ដែលមានទីតាំងនៅលើទឹកដីនៃប្រទេសកាហ្សាក់ស្ថាន ដោយក្រុមអ្នកជំនាញការពារដែនអាកាស និងកាំជ្រួចនៃកងកម្លាំងអាកាសរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា នៅឯកន្លែងហ្វឹកហាត់ សាកល្បង Sary-Shagan ក្នុងប្រទេសកាហ្សាក់ស្ថាន (ដែលរុស្ស៊ីជួលជាកន្លែងសាកល្បងមីស៊ីល) ការបាញ់សាកល្បងមីស៊ីលថ្មីត្រូវបានអនុវត្តដោយជោគជ័យ យោងតាមការគណនារបស់កងកម្លាំងការពារដែនអាកាស ។
ឧត្តមសេនីយ៍ Sergey Grabchuk មេបញ្ជាការនៃអង្គភាពការពារកាំជ្រួចនៃកងទ័ពអាកាសរុស្ស៊ីបាននិយាយថា ការធ្វើតេស្តនេះបានបង្ហាញពីសមត្ថភាពនិងការគណនាច្បាស់លាស់របស់កងទ័ពអាកាសរុស្ស៊ី ក្នុងការបំពេញបេសកកម្ម ដោយវាយចំគោលដៅដោយភាពជាក់លាក់ខ្ពស់។ លោកបញ្ជាក់ទៀតថា កាំជ្រួចថ្មីនេះត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាស។
ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ចេញវីដេអូដែលបង្ហាញពីដំណើរការនៃការដឹកជញ្ជូនប្រព័ន្ធការពារកាំជ្រួចទៅកាន់កន្លែងសាកល្បង មីស៊ីលត្រូវបានដាក់ចូលទៅក្នុងការត្រៀមប្រយុទ្ធ និងការបាញ់។ ការបាញ់បង្ហោះត្រូវបានថតពីមុំជាច្រើន។ ទោះជាយ៉ាងណា ក្រសួងមិនបានបង្ហាញឈ្មោះមីស៊ីលថ្មី ឬប្រព័ន្ធការពារមីស៊ីលនោះទេ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ VOV.VN)


ចែករំលែក៖