ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរិះគន់ថា, ការទៅចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ផ្តល់សេវាដ៏យឺតយូរបំផុត !

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានខិតខំ ប្រឹងប្រែង ឈានដល់ចេញសេចក្តីប្រកាសព័ត៌មាន អោយប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣. គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋបបានផ្លាស់ លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះក្នុងឆ្នាំពីឱ្យមាន គ្រប់ៗគ្នា។ ជាពិសេស លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខណ្ឌ ទាំង១៤ បានធ្វើការណែនាំ ផ្តល់សេវាអោយបានល្អជូនប្រជាពលរដ្ឋ ក្នុងការទៅចុះឈ្មោះបោះឆ្នោត ក៏ដូចជាសេវាផ្សេងៗទៀត ផ្ទុយទៅវិញ ហេតុអីក៏អាជ្ញាធរ មន្ត្រីនៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្តល់សេវាដ៏យឺតយូរបំផុត ! ខ្វះភាពទទួលខុសត្រូវ ឈានដល់មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងនោះមានគណនី facebook មួយបានសរសេរ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ យ៉ាងដូច្នេះថា, នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ ខ្ញុំ និងប្រពន្ធ ព្រមទាំងក្មួយម្នាក់ បានទៅចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (ជាក់ស្ដែងនៅកន្លែងចុះឈ្មោះមានមនុស្សកំពុងរង់ចាំប្រហែល១០នាក់)។ ពេលនោះមានមន្ដ្រីនៅទីនោះបានដើរមកប្រាប់ខ្ញុំថា គេជិតដល់ម៉ោងបាយថ្ងៃត្រង់ហើយ ចឹងចាំមកថ្ងៃម្ដងទៀត ព្រោះគេធ្វើមិនទាន់។

លុះរសៀលប្រហែលម៉ោង៣ ខ្ញុំទៅដល់ម្ដងទៀត ក៏ឃើញមានមនុស្សច្រើនដដែលឈរ និងអង្គុយចាំ។ ហើយក៏មានមន្ដ្រីម្នាក់ទៀត ដើរមកប្រាប់អ្នកដែលឈរចាំព្រមទាំងខ្ញុំដែរថា រង់ចាំយូរណាស់មិនដឹងធ្វើទាន់អត់ទេ ចឹងចាំមកថ្ងៃស្អែកវិញទៅ។

អ្វីដែលកត់សម្គាល់ទៅកន្លែងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ចោមចៅ២នោះ មន្ដ្រីប្រាប់ខ្ញុំថា អ្នកវាយបញ្ចូលទិន្នន័យក្នុងកុំព្យូទ័រមានតែម្នាក់ទេ ចឹងធ្វើមិនទាន់ទេ។ ពេលនោះ ក៏មានប្រជាពលរដ្ឋរអ៊ូរទាំថា ខ្ញុំមកដល់៤ដងហើយ មិនទាន់បានចុះឈ្មោះទៀត អញ្ចឹងខ្ញុំឈប់មកហើយ មិនបាច់បោះឆ្នោតទេ។

(មតិរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត) 

ពាក់ព័ន្ធករណីនេះ លោក វ៉ា​ សារ៉ង ចៅសង្កាត់ចោមចៅ ២ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ថា, លោកសូមទោស ដោយសារប៉ុន្មានថ្ងៃនេះ ជាប់រវល់ប្រជុំ មិនបានមើលការហ្នឹង ។ លោកសូមអោយ ប្រជាពលរដ្ឋដែលជួបករណី យឺតយ៉ាវ បង្កឡើងដោយមន្ត្រីរបស់ អាចមកប្រាប់គាត់ ឬទូរស័ព្ទមកគាត់ផ្ទាល់ ។ 

សូមរំលឹកថា, នេះជាទង្វើមួយបង្ហាញពីមន្ត្រីរដ្ឋបាលមុខងារសាធារណៈ នៅសាលាសង្កាត់ចោមចៅ២ ធ្វើអោយប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋធ្ងន់ធ្ងរ ហើយបំផ្លាញ់ទឹកចិត្តថ្នាក់លើ ដែលខំបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌនោះ ! គ្រាន់តែករណីចុះឈ្មោះបោះឆ្នោត បង្ហាញពីភាពយឺតយ៉ាវទៅហើយ , ចុះបើករណីផ្ដល់សេវាផ្សេងៗជូនប្រជាពលរដ្ឋ តើបានបំពេញតួនាទីភារកិច្ច ជាមន្ត្រីបម្រើរាស្ត្រពិតប្រាកដដែរឬទេ នេះមិនទាន់គិតដល់អាចនឹងមានបញ្ហាភាពមិនប្រក្រតីនោះផង។

សូមបញ្ជាក់ថា, នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ។ ដោយបញ្ជាក់ថា, លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩.២៨៩ នាក់

អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.០៦៦ នាក់

អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.៨២៣ នាក់

អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.១៣៤ នាក់។

គិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតទទួលបានដូចខាងក្រោម៖

ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥៤៥.៨៨៦ នាក់

អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៤៤,២៧១ នាក់

អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៧.៥៨៧ នាក់

អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៦៤.៣៤២ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ៖

ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ

ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣. គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋបបានផ្លាស់ លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះក្នុងឆ្នាំពីឱ្យមាន គ្រប់ៗគ្នា។

មើលតារាងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ៕

ដោយ : សិលា


ចែករំលែក៖