កូរ៉េខាងត្បូងនិងអាមេរិកបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពបាញ់កាំភ្លើងធំទៅកាន់តំបន់គ្មានយោធា។ ទន្ទឹមនឹងនោះអាមេរិកនិងកូរ៉េខាងត្បូងបានបង្កើនការត្រៀមលក្ខណៈទប់ទល់ហេតុការណ៍អាក្រក់ដែលបានកើតឡើង។
នៅថ្ងៃទី៥ខែធ្នូ សារព័ត៌មានយ៉ុងហាប់ របស់កូរ៉េខាងត្បូង (JCS)បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ចូលក្នុងផ្ទៃសមុទ្រនៅក្បែរឆ្នេរភាគខាងកើតនិងខាងលិចរបស់ខ្លួនអំឡុងការធ្វើសមយុទ្ធយោធានាថ្ងៃចន្ទនេះ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបន្តថា គ្រាប់កាំភ្លើងធំមួយចំនួនបានធ្លាក់ចំតំបន់ទ្រនាប់ក្បែរព្រំប្រទល់សមុទ្ររវាងប្រទេសទាំងពីរ ហើយទីក្រុងសេអ៊ូលចាត់ទុកវាថាជា ការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលបង្កើតឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង។ យោធាកូរ៉េខាងត្បូង ក៏បានបញ្ជូនសារទំនាក់ទំនងព្រមានដល់កូរ៉េខាងជើងជុំវិញការបាញ់កាំភ្លើងធំនេះផងដែរ។ កិច្ចព្រមព្រៀង CMA ឆ្នាំ២០១៨ គឺជាកិច្ចព្រមព្រៀងមានទម្ងន់ជាងគេ ដែលសម្រេចបានពីការជួបសន្ទនាគ្នាអស់រយៈពេលជាច្រើនខែរវាងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយនិងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៉ីន។
ក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាងបានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំង ដែលរួមមានទាំងការបាញ់មីស៉ីលបាលិស្ទីក, ការធ្វើសមយុទ្ធផ្លូវអាកាសដោយយន្តហោះយោធា និងការបាញ់កាំភ្លើងធំរាប់រយគ្រាប់។ រីឯខាងទីក្រុងសេអ៊ូលនិងសហរដ្ឋអាមេរិក ក៏បានបង្កើនការធ្វើសមយុទ្ធយោធារវាងសម្ពន្ធមិត្តទាំងពីរដូចគ្នាដែរក្នុងឆ្នាំនេះ ក្រោមហេតុផលថា វាចាំបាច់ដើម្បីទប់ស្កាត់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ៕ ដោយ៖ ធីរីណា
រូបថត : Yonhap News