ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! បុរសចំណាស់ម្នាក់ស្លាប់លើម៉ូតូដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូសណ្តោងរុឺម៉កលក់នំបាញ់កាញ់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ស្ដែងៗនៅលើម៉ូតូបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូបុកបញ្ច្រាសទិសគ្នាជាមួយម៉ូតូសណ្តោងរុឺម៉កលក់នំបាញ់កាញ់ពេញទំហឹងផ្អើលដល់អ្នកភូមិទាំងយប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៥ខែធ្នូឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២-១៤៣ស្ថិតនៅភូមិ​ដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។

   យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ រ័ត្ន សុីន អាយុ៧៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ពាក់ស្លាកលេខស្វាយរៀង១T-៧៦០៦។

ចំណែកអ្នកបើកម៉ូតូសណ្តោងរុឺម៉កលក់នំបាញ់កាញ់បើកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមគ្មានស្លាកលេខ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗ។

   បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសចំណាស់ម្នាក់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខស្វាយរៀង១T-៧៦០៦ នៅលើផ្លូវជាតិលេខ១ ធ្វើដំណើរពីលិចទៅកើតខណ:នោះស្រាប់តែមានបុរសម្នាក់បើកម៉ូតូសណ្តោងរុឺម៉កលក់នំបាញ់កាញ់ ម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីកើតទៅលិចបញ្ច្រាសទិសគ្នាក៏បានវ៉ាជែងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងហើយបានជ្រុលទៅបុកប៉ះរថយន្តពីខាងក្រោយរួចរេចង្កូតទៅខាងឆ្វេងដៃបុកម៉ូតូខាងលើពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែម្ដង។

   សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរម៉ូតូរុឺម៉កលក់នំបាញ់កាញ់វ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន វត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយតាយានដើម្បីដោះស្រាយតាមច្បាប់ ខណ:សពត្រូវបានសមតកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ សុថាន


ចែករំលែក៖