ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងរងការរិះគន់ចំពោះសំណើរបស់លោកដើម្បីធានាសន្តិសុខដល់រុស្ស៊ី

ចែករំលែក៖

នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ TF1 ក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវរៀបចំសម្រាប់រចនាសម្ព័ន្ធសន្តិសុខនាពេលអនាគត នៅពេលដែលរុស្ស៊ីយល់ព្រមអង្គុយនៅតុចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

លោក Macron បាននិយាយថា “នោះមានន័យថា បញ្ហាមួយក្នុងចំណោមបញ្ហាដែលយើងត្រូវដោះស្រាយ ដូចដែលប្រធានាធិបតី ពូទីនតែងតែនិយាយនោះគឺការព្រួយបារម្ភដែលអង្គការណាតូកំពុងពង្រីកកងកម្លាំងរបស់ខ្លួននៅលើមាត់ទ្វាររបស់រុស្ស៊ី ឬការដាក់ពង្រាយអាវុធដែលអាចគំរាមកំហែងដល់ប្រទេសរុស្ស៊ី”។
មេដឹកនាំបារាំងរូបនេះបានបន្ថែមថា “វានឹងជាប្រធានបទមួយនៃការចរចាសន្តិភាព ដូច្នេះយើងត្រូវរៀបចំសម្រាប់អ្វីដែលយើងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការការពារប្រទេសជាសមាជិក និងសម្ព័ន្ធមិត្តរបស់យើង” ។ មេដឹកនាំបារាំងបានបន្ថែមថា តើការធានាអ្វីខ្លះដល់រុស្ស៊ីនៅពេលពួកគេត្រលប់មកតុចរចា»។
ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងនៅពេលដែលលោក Macron ធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយលោកប្រធានាធិបតី Joe Biden។ ក្នុងឱកាសនេះ មេដឹកនាំទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការចរចាជាមួយក្រុងមូស្គូ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក Biden បាននិយាយថា លោកបើកចំហក្នុងការពិភាក្សាជាមួយសមភាគីលោកពូទីន អំពីរបៀបដោះស្រាយវិបត្តិអ៊ុយក្រែន ប្រសិនបើម្ចាស់វិមានក្រឹមឡាំង “កំពុងស្វែងរកមធ្យោបាយដើម្បីបញ្ចប់ជម្លោះ”។ បន្ទាប់មក វិមានក្រឹមឡាំងបានច្រានចោលសំណើរបស់ចៅហ្វាយសេតវិមាន។
ការលើកឡើងរបស់លោក Macron បង្ហាញពីការអាណិតអាសូរចំពោះការទាមទាររបស់រុស្ស៊ីសម្រាប់ការធានាសន្តិសុខ។ ប៉ុន្មានសប្តាហ៍មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីបានស្នើសុំម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួនសម្រាប់ការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយកង្វល់សន្តិសុខរបស់ទីក្រុងមូស្គូ។ នៅពេលនោះ លោកប្រធានាធិបតី ពូទីន បាននិយាយថា រុស្ស៊ីនឹងបន្តទាមទារចម្លើយពីលោកខាងលិចលើការទាមទារសន្តិសុខសំខាន់ៗចំនួនបីរបស់ទីក្រុងមូស្គូ ក្នុងនោះមាន៖ អង្គការណាតូបញ្ឈប់ការពង្រីក ការមិនដាក់ពង្រាយកាំជ្រួចមីស៊ីលនៅជិតព្រំដែនរុស្ស៊ី ការនាំយកហេដ្ឋារចនាសម្ព័ន្ធកម្រិតយោធារបស់ណាតូនៅអឺរ៉ុប គឺត្រលប់ទៅឆ្នាំ 1997 ។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន និងណាតូគិតថា សំណើរបស់រុស្ស៊ី គឺមិនទំនងទាល់តែសោះ៕ ដោយ៖ ធីរីណា

រូបថត៖ AFP


ចែករំលែក៖