ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៦ខែធ្នូឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជនសង្ស័យជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីធ្វើទារុណកម្មលើបុរសម្នាក់ និងស្ត្រីម្នាក់ជាជនជាតិវៀតណាមដូចគ្នា ត្រូវបានលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ពីបទ.ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
ជនត្រូវចោទ ជាជនជាតិវៀតណាមឈ្មោះ ចាំង ង៉ុងវាំង ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០២២ ដែលប្រព្រឹត្តហិង្សាវាយលើបុរសនារីជនជាតិវៀតណាមដូចគ្នា។
យោងតាមសារសំឡេងលោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងថាពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សានេះសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានហើយ ដោយសារជនសង្ស័យបាននាំជនរងគ្រោះចំនួន២នាក់ពីខេត្តព្រះសីហនុមកធ្វើការភ្នំពេញវិញ តែនៅពេលមកដល់ម្តុំទំនប់កប់ស្រូវពេលនោះជនរងគ្រោះទាំង២នាក់បានរត់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរជនរងគ្រោះទើបបែករឿង ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានឃាត់ជនសង្ស័យ១នាក់នៅពេលនោះដែល បទ.ហិង្សាដោយចេតនានិងបទ.រក្សាទុកនិងប្រើប្រាស់សារធាតុញៀន។
តាមសារសំឡេងនេះដែរចំពោះជនរងគ្រោះ២នាក់សមត្ថកិច្ចខណ្ឌក៏បានប្រគល់ទៅសមត្ថកិច្ចការិយាល័យជំនាញខាងអន្តោប្រវេសន៍ដើម្បីធ្វើការសាកសួរ ហើយក្រោយពីការពិនិត្យឯកសារគ្មានឯកសារផ្លូវការអ្វីទាំងអស់ជនរងគ្រោះទាំង២នាក់នេះនឹងត្រូវបណ្តេញពីប្រទេសកម្ពុជារង់ចាំសុំគោលការណ៍ពីថ្នាក់លើសិន។
បច្ចុប្បន្នជនត្រូវចោទត្រូវបាន បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំស្អែកបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញម្ដងទៀត ហើយស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៃសាលាដំបូងធ្វើការស៊ើបសួរបន្ត៕
ដោយ ៖ រ៉ារ៉ា