ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, កម្ពុជា និងជប៉ុន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលនឹងត្រូវលើកកម្ពស់ ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលនឹងចប់ អាណត្តិបេសកកម្មការទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកត់ សម្គាល់ដោយការពេញចិត្តដែលទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការ បង្កើតទំនាក់ទំនងការទូត ក្នុងឱកាសដែល លោកឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និង ជម្រាបលា នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២។
បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្រ្តី និង លោកឯកអគ្គរាជទូតជប៉ុន បានយល់ស្របគ្នា រៀបចំសកម្មភាពមួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៧០ ហើយក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ អំពីការត្រៀមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅចុងខែមករាឆ្នាំក្រោយ តបតាមការអញ្ជើញ របស់សមភាគីជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ លោក ឯកអគ្គរាជទូត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាពិសេស ការរៀបចំបានយ៉ាងល្អសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី KISHIDA Fumio មកកាន់កម្ពុជា កាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញ ចូលរួមរបស់ លោកនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន កាលពីខែវិច្ឆិកាថ្មីៗនេះ ក៏ ដូចជា ដំណើរទស្សនកិច្ចទាំងពីរលើករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទៅចូលរួម កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន កាលពីខែមេសាឆ្នាំនេះ និងដើម្បីទៅចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក ABE Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញាកន្លងទៅនេះផងដែរ។ ឧបនាយករដ្ឋមន្ត្រី បាន
សម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងចំពោះការគាំទ្ររបស់ជប៉ុនដល់ការប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាត និងការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩ របស់កម្ពុជា។
លោកឯកអគ្គរាជទូត ម៉ាសាហ៊ីរ៉ូ បានកោតសរសើរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយ ជោគជ័យរបស់កម្ពុជា ជាពិសេស ចំពោះការបំពេញតួនាទីដ៏ល្អប្រសើររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រធានកិច្ចប្រជុំ ដែលបាននាំ មកនូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយនិងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ ខណៈពេលមានវិបត្តិដ៏ធ្ងន់ធ្ងរជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។ លោកឯកអគ្គរាជទូត ក៏បាន កោតសរសើរកម្ពុជាផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញ ដោយបានគូសបញ្ជាក់ថា បើគ្មានកិច្ចខិតខំប្រឹងប្រែងទាំងនេះទេ ស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ។ លោកឧបនាយករដ្ឋមន្ត្រី បាន ថ្លែងអំណរគុណជប៉ុនចំពោះការគាំទ្រយ៉ាងសំខាន់ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ៕
ដោយ : សិលា