ព័ត៌មានទាន់ហេតុការណ៍៖

កសិករនៅខេត្តព្រះវិហារកំពុងទទួលបានជីវភាពប្រសើរជាងមុនតាមរយៈការលក់ស្រូវសរីរាង្គ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កសិករនៅខេត្តព្រះវិហារកំពុងទទួលបានជីវភាពប្រសើរជាងមុន តាមរយៈការលក់ស្រូវសរីរាង្គ។ នេះជាការលើកឡើងរបស់កសិករនៅភូមិក្រឡាសពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងឱកាសដែលលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោកគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចុះពិនិត្យការផលិតនិងការទិញ-លក់ស្រូវត្រយង(IBIS) និងស្រូវសរីរាង្គតាមគោលការណ៍របស់ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរកា និង សហគមន៍រំដួលម្លូព្រៃជាយដែន ស្ថិតក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២។

   គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬ ស្រូវត្រយ៉ង បាននិងកំពុងជួយគាំទ្រដល់សហគមន៍ក្នុងការផ្តល់បច្ចេកទេសដំណាំស្រូវសរីរាង្គ ការរកទីផ្សារលក់ចេញសម្រាប់បណ្តាញសហគមន៍ ការគ្រប់គ្រងស្រះទឹកសហគមន៍ សម្រាប់ទ្រទ្រង់ដំណាំកសិកម្ម និងការពង្រឹងសមត្ថភាពកសិករ គាំទ្រលើ បច្ចេកទេស ភាពធន់ នឹងអាកាសធាតុ ដូចជា៖

• កម្មវិធីត្រពាំងមេត្រីភាពបរិស្ថានសម្រាប់ផ្គត់ផ្គង់ទឹកបន្ថែម

• ការរៀបចំដីសម្រាប់គ្រប់គ្រងទឹក

• កម្មវិធីក្សេត្រសាស្ត្រគាំទ្រដល់ការគ្រប់គ្រងសត្វចង្រៃ

• ការក្រើនរំលឹកអំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិដល់អ្នកផ្គត់ផ្គង់ថ្នាំគីមី ក្នុងគោលបំណងការពារបរិស្ថាន ការអភិរក្សសត្វព្រៃ  និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍៕

ដោយ៖ សូរិយា


ចែករំលែក៖