ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាព ប្រឆាំងអំពើពុករលួយ ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ ។

ឆ្នាំ២០២២ ជាឆ្នាំទី៨ និងជាលើកទី៩ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសហការជាមួយនឹង ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងសម័យប្រឡង ០៥ ធ្នូ ២០២២ នេះ មានថ្នាក់ដឹកនាំ មន្រ្តី អ.ប.ព. និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៣ ០០០ នាក់ ដោយក្នុងនោះ អ.ប.ពបានរៀបចំមន្ត្រីប្រចាំតាមមណ្ឌប្រឡង ១នាក់ ក្នុង ១មណ្ឌលប្រឡង និងបានដាក់ពង្រាយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តដោយអនុវត្ត តាមនិយាម ១នាក់ សង្កេត ២បន្ទប់ នៅគ្រប់មណ្ឌលប្រឡងទាំង ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ ទូទាំងរាជធានី-ខេត្ត ដើម្បី ធានាឱ្យបាននូវគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

តាមរយៈការសង្កេតការណ៍លើការរៀបចំ និងការប្រព្រឹត្តទៅនៃដំណើរការសំណេរ អ.ប.ព. សូមធ្វើការវាយតម្លៃខ្ពស់ និង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិជាធរមាន និងមានចំណាត់ការឆ្លើយតបបានយ៉ាងទាន់ពេលវេលាលើរាល់បាតុភាពនានាដែលកើតមានឡើង ជាយថាហេតុ។

អ.ប.ព. ក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តឱ្យចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងពេលកន្លងមក និងពេលនេះ។ កាយវិការប្រកបដោយអត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុតក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់លើវិស័យអប់រំ និងពង្រឹងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ដែលជាធនធានមនុស្សសម្រាប់បន្តវេនសង្គមកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានេះ អ.ប.ព. សូមថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ ពេលវេលានៃយុវវ័យរបស់ខ្លួនមកបំពេញការងារស្ម័គ្រចិត្តដើម្បីឆ្លើយតបនឹងដំណើរការនៃកំណែទម្រង់លើវិស័យអប់រំ សំដៅពង្រឹង និងពង្រីកគុណភាពយុវជនជំនាន់រួមគ្នា។ យុវជន ពិតជាធនធានដ៏មានតម្លៃ កម្លាំងដ៏ខ្លាំងក្លាក្នុងការរុញច្រានការអភិវឌ្ឍសង្គមជាតិ ដូច្នេះយុវជនត្រូវប្រើប្រាស់ភាពយុវវ័យរបស់ខ្លួនឱ្យមានប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល ៕ 

ដោយ : សិលា


ចែករំលែក៖