ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃពុធទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ៤នាក់ និងរបួសស្រាលចំនួន ៣នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែធ្នូនេះ ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន៩នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៦លើក។
ជាមួយគ្នានេះ នៅយប់ថ្ងៃដដែលនេះ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានបញ្ជាក់ដែរថា កម្លាំងសមត្ថកិច្ច បានឃាត់យានយន្តល្មើសចំនួន២៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសផងដែរ។
គួរបញ្ជាក់ដែរថា សម្ដេចក្រឡាហោម ស ខេង កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូនេះដែរ បានថ្លែងក្នុងពិធីទិវាអន្តរជាតិរំលឹកដល់អ្នករងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅរាជធានីភ្នំពេញ យ៉ាងដូច្នេះថា៖ ច្បាប់ថ្មី នឹងដាក់ជាកាតព្វកិច្ច ” អ្នកបើកបរយានយន្តទាំងឡាយ ត្រូវមានការបញ្ជាក់ពីសុខភាពថា គ្មានសារធាតុញៀនគ្រឿងញៀន “៕
ដោយ៖ស តារា