ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃទី៧ ខែធ្នូថា កងទ័ពរុស្ស៊ីប្រហែលជាត្រូវប្រយុទ្ធនៅអ៊ុយក្រែនរយៈពេលយូរ ប៉ុន្តែលោកមើលឃើញថា មិនចាំបាច់ចល័តទ័ពបន្ថែមទៀតទេនៅពេលនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters និង Sky News បានផ្សាយថា ប្រមុខរុស្ស៊ីបាននិយាយថា “សម្រាប់រយៈពេលនៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនពិតណាស់វាអាចអូសបន្លាយរយៈពេលយូរ។ លោកពូទីនបាននិយាយថា រុស្ស៊ីនឹងប្រយុទ្ធដើម្បីការពារផលប្រយោជន៍របស់ខ្លួនគ្រប់មធ្យោបាយ។
ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានឈានចូលដល់ខែទី១០ហើយ ហើយលោកប្រធានាធិបតីពូទីនបានបដិសេធពាក្យចចាមអារ៉ាមអំពីការចល័តជាលើកទីពីរនៅឆ្នាំក្រោយ។ គាត់បាននិយាយថា មនុស្ស ៣០០,០០០ត្រូវបានចុះឈ្មោះនៅក្នុងការចល័តពីខែកញ្ញាដល់ខែតុលា ហើយពាក់កណ្តាលនៃពួកគេកំពុងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងនោះ ៧៧,០០០ នាក់ស្ថិតនៅក្នុងអង្គភាពប្រយុទ្ធ ហើយនៅសល់គឺស្ថិតនៅក្នុងបេសកកម្មការពារ។
ថ្លែងនៅក្នុងសម័យប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្ស៊ី លោកប្រធានាធិបតី ពូទីន បាននិយាយថា “ជាដំបូង ពិតណាស់ យើងនឹងផ្តោតលើវិធានការសន្តិភាព ប៉ុន្តែប្រសិនបើគ្មានអ្វីទៀតទេ យើងនឹងការពារតាមមធ្យោបាយណាមួយដែលមាន”។ លោក ពូទីន បាននិយាយថា លោកខាងលិចចាត់ទុករុស្ស៊ីដូចជាពលរដ្ឋលំដាប់ទីពីរ គ្មានសិទ្ធិ។
លោក ពូទីន បាននិយាយថា រុស្ស៊ីមិនបានចាប់ផ្តើម “សង្រ្គាម” នៅអ៊ុយក្រែនទេ ហើយបានចោទប្រកាន់ទីក្រុងគៀវ ពីការធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ 2014 នៅពេលដែល Crimea បញ្ចូលជាមួយរុស្ស៊ី។ លោកបានបន្ថែមថា ទីក្រុងមូស្គូគ្មានឱកាសក្នុងការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែនទេ៕ ដោយ៖ ធីរីណា
រូបថត ៖ sky news