ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុង កៀវ ប្រតិកម្មចំពោះសម្តីរបស់ប្រធានាធិបតី Zelensky

ចែករំលែក៖

អភិបាលទីក្រុង កៀវ លោក Vitali Klitschko នៅថ្ងៃទី៧ខែធ្នូ បានប្រកាសថា ការរិះគន់របស់ប្រធានាធិបតីអ៊ុយក្រែនពីសកម្មភាពត្រៀមលក្ខណៈសម្រាប់រដូវរងានៅទីក្រុងកៀវ ដោយលោកបញ្ជាក់ថា សកម្មភាពទាំងនោះមានលក្ខណៈនយោបាយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters អភិបាលក្រុង Kyiv លោកKlitschko បានវាយបកទៅលើការរិះគន់មុននេះរបស់ប្រធានាធិបតី Volodymyr Zelensky ចំពោះការបរាជ័យរបស់រដ្ឋាភិបាលទីក្រុងក្នុងការផ្តល់ទីជម្រករដូវរងាគ្រប់គ្រាន់ដល់ពលរដ្ឋ។ លោកKlitschko អះអាងថា ទីក្រុងកៀវមានមជ្ឈមណ្ឌលកម្តៅច្រើនជាងទីក្រុងដទៃទៀតក្នុងប្រទេសអ៊ុយក្រែន។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា អភិបាលទីក្រុងកៀវ នៅថ្ងៃពុធសប្តាហ៍នេះបានព្រមានថា និយាយពីរដ្ឋធានីរបស់អ៊ុយក្រែនក្នុងរដូវរងានេះ សេណារីយ៉ូសង្រ្គាមរបស់រុស្ស៉ីគឺមានលក្ខណៈគ្រោះថ្នាក់ខ្លាំង ប្រសិនបើការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធនៅតែបន្ត ប៉ុន្តែមិនចាំបាច់ជម្លៀសអ្នកស្រុកនោះទេ គ្រាន់តែត្រូវត្រៀមលក្ខណៈទុកជាមុន។
ក្នុងបទសម្ភាសន៍ជាមួយ Reuters លោក វីតាលី គ្លីតស្កូ (Vitali Klitschko) បានគូសបញ្ជាក់ថា «ទីក្រុងកៀវអាចនឹងគ្មានអគ្គិសនី ទឹក និងការផ្គត់ផ្គង់កម្តៅ នោះមានន័យថាមហន្តរាយដ៏ធំធេងអាចនឹងកើតមានឡើងដូចក្នុងខ្សែភាពយន្តហូលីវូដដូច្នោះដែរ ព្រោះប្រជាជនត្រូវរស់នៅក្នុងផ្ទះដែលមានសីតុណ្ហភាពទាប ឬត្រជាក់ខ្លាំង។ ប៉ុន្តែយើងកំពុងតែតស៊ូ និងធ្វើគ្រប់យ៉ាងដើម្បីឱ្យប្រាកដថា រឿងនេះមិនកើតឡើង»។
លោក គ្លីតស្កូ បានបន្ថែមថា «ប្រសិនបើនៅតែគ្មានការផ្គត់ផ្គង់អគ្គិសនី ខណៈដែលសីតុណ្ហភាពនៅខាងក្រៅចុះត្រជាក់ខ្លាំង យើងនឹងត្រូវបង្ខំចិត្តបង្ហូរទឹកចេញពីអគារធំៗ។ បើមិនដូច្នេះទេ ទឹកអាចកកធ្វើឱ្យដាច់ខ្សែបណ្តាញផ្គត់ផ្គង់ទឹកទាំងមូល ហើយអគារនានាទាំងស្រុងនឹងមិនមានទឹកសម្រាប់ការប្រើប្រាស់បន្តទៀតឡើយ»។
លោក គ្លីតស្កូ ក៏បានជំរុញដល់អ្នកស្រុកឱ្យរៀបចំស្បៀងអាហារ និងទឹក សម្រាប់សង្គ្រោះបន្ទាន់ ព្រមទាំងមានសម្លៀកបំពាក់ និងឯកសារត្រៀមចេញដំណើរភ្លាមៗ ប្រសិនបើការផ្គត់ផ្គង់កម្តៅត្រូវបានបិទទាំងស្រុង៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖