ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ ឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបង្ហោះអោយដឹងថា,  ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ បានវាយតម្លៃនិងផ្ដល់ជ័យលាភីដល់ឆ្នេរខ្សាច់កម្សាន្តចំនួន១១ឆ្នេរ ក្នុងនោះមានកម្រិតល្អណាស់៦ឆ្នេរ និងកម្រិតមធ្យម៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។

ក្រសួងទេសចរណ៍បន្តថា, ការប្រគល់ជ័យលាភីនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ អមជាមួយពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍៍ តំណាង លោករដ្ឋមន្ត្រី ថោង ខុន នៅសណ្ឋាគារសុខាប៊ិច។

យោងតាមរបាយការណ៍របស់លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានឱ្យដឹងថា បន្ទាប់ពីការដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត បានចុះត្រួតពិនិត្យនិងវាយតម្លៃឆ្នេរបេក្ខភាពចំនួន២៧នៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន៦ឆ្នេរ ខេត្តកោះកុងចំនួន៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន១៦ឆ្នេរ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, ជាលទ្ធផល ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតល្អណាស់» មានចំនួន៦ឆ្នេរ រួមមាន៖

* ខេត្តកែបមាន២ឆ្នេរ៖ ឆ្នេរកែប និងឆ្នេរកោះទន្សាយ។

* ខេត្តព្រះសីហនុមាន៤ឆ្នេរ៖ ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌។

ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតមធ្យម» មានចំនួន៥ឆ្នេរ រួមមាន៖

* ខេត្តកោះកុងមាន១ឆ្នេរ៖ ឆ្នេរកោងកាង។

* ខេត្តព្រះសីហនុមាន៤ឆ្នេរ៖ ឆ្នេរឯករាជ្យ ឆ្នេរសុខសាន្ត (គ្រប់គ្រងដោយសហគមន៍) ឆ្នេរកោះរ៉ុង និងឆ្នេរប្រាសាទ។

លោក មុំ បូវីល បានបញ្ជាក់ទៀតថា សម្រាប់ឆ្នេរខ្សាច់កម្សាន្តណាដែលមិនទទួលបានចំណាត់ថ្នាក់ ក្រុមការងារទទួលបន្ទុកត្រូវរៀបចំផែនការ និងមានចំណាត់ការកែលម្អជាបន្ទាន់ ហើយត្រូវវាយតម្លៃឡើងវិញនាពេល៣ខែបន្ទាប់។

ចំពោះឆ្នេរដែលពុំទទួលបានចំណាត់ថ្នាក់ រួមមាន៖

* ខេត្តកោះកុង មានឆ្នេរនេសាទ ឆ្នេរអាវស៊ីវវង់ ឆ្នេរពយស្ងាយ និងឆ្នេរប៉ាក់ខ្លង។

* ខេត្តកែប មានឆ្នេរអង្កោល ឆ្នេរដើមបើស ឆ្នេរកំពង់សារាយ និងឆ្នេរកោងកាង។

* ខេត្តព្រះសីហនុ មានឆ្នេរជំទាវម៉ៅ ឆ្នេរព្រែកត្រែង ឆ្នេរដូង ឆ្នេររ៉ុងសន្លឹម ឆ្នេរកោះតូច ឆ្នេរលំហែ ឆ្នេរ២៣ និងឆ្នេរខ្សាច់ស៕

ប្រភព៖ ក្រសួងទេសចរណ៍


ចែករំលែក៖