ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សុំប្រាក់ប្រពន្ធទិញស្រាបៀរ១កេសមិនបានក៏ដើរទៅចងកសម្លាប់ខ្លួននៅដើមតាង៉ែនក្នុងចម្ការអ្នកភូមិ

ចែករំលែក៖

   ខេត្តប៉ៃលិន ៖ តាមប្រភពព័ត៌មានពីនគរបាលជំនាញនៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា មានករណីមនុស្សម្នាក់ធ្វើអត្តឃាត(ចងក)ខ្លួនឯង កាលពីវេលាម៉ោង៧និង៤០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២  នៅចំណុចដីចម្ការដំឡូង(តាម៉ុស)ខាងជេីងភ្នំវែង ស្ថិតក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។  ជនរងគ្រោះ ឈ្មោះ តឿ រិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    បើតាមប្រភពព័ត៌មានពីអ្នកភូមិនៅជិតផ្ទះជនរងគ្រោះបានឱ្យដឹងថា  នៅមុនពេលកើតហេតុវេលាម៉ោង១៧ៈ២០នាទីថ្ងៃទី៧ខែធ្នូគេឮបុរសជាជនរងគ្រោះបានសុំប្រាក់ប្រពន្ធយកទៅទិញស្រាបៀរមួយកេស តែប្រពន្ធមិនព្រមឲ្យទេ ទើបធ្វើឱ្យជនរងគ្រោះខាងលើខឹងនឹងប្រពន្ធក៏ដើរចេញពីផ្ទះបាត់ទៅ។  លុះព្រឹកឡើងសាច់ញាតិបងប្អូនដើររកដល់ត្រង់ចំណុចដីចម្ការដំឡូង(តាម៉ុស) ខាងជើងភ្នំវែង ក៏បានប្រទះឃើញជនរងគ្រោះខាងលើធ្វើអត្តឃាតចងកស្លាប់បាត់ទៅហើយ និងបានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

   ករណីខាងលើនេះ ក្រោយពីកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើកោសល្យវិច័យរួចមកបានសន្និដ្ឋានថាជនរងគ្រោះពិតជាធ្វើអត្តឃាត(ចងក)ខ្លួនឯងប្រាកដមែន ដោយមូលហេតុអាក់អន់ចិត្តជាមួយប្រពន្ធ។

    បច្ចុប្បន្នសពខាងលើត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស សារ៉េត


ចែករំលែក៖