រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាឱ្យអ្នកបើកបររថយន្តដឹកទំនិញដែលធ្វើកូដកម្មនៅក្នុងឧស្សាហកម្មដែកថែប និងគីមីឥន្ថនៈឱ្យត្រឡប់ទៅធ្វើការវិញ ខណៈដែលកូដកម្មរបស់អ្នកបើកបរបានឈានចូលដល់ថ្ងៃទី១៥ហើយ ដែលបណ្តាលឱ្យមានការរំខាននៅក្នុងប្រព័ន្ធផ្គត់ផ្គង់វត្ថុធាតុដើម។
មុននេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញបទបញ្ជាប្រតិបត្តិមួយដោយបញ្ជាឱ្យអ្នកបើកបររថយន្តដឹកទំនិញដែលធ្វើកូដកម្មនៅក្នុងតំបន់ឧស្សាហកម្មគីមីឥន្ថនៈ និងដែកថែបឱ្យត្រឡប់ទៅធ្វើការវិញ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃកូដកម្មដោយអ្នកដឹកទំនិញដែលបានឈានចូលថ្ងៃទី ១៥ ដែលបណ្តាលឱ្យមានការរំខាននៅក្នុងប្រព័ន្ធផ្គត់ផ្គង់សម្ភារ។
បទបញ្ជាប្រតិបត្តិខាងលើត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Han Duck-soo និងអនុម័តដោយប្រធានាធិបតី Yoon Suk-yeol នៅថ្ងៃដដែលនោះ។ នេះក៏ជាបទបញ្ជាប្រតិបត្តិទី២របស់រដ្ឋាភិបាល បន្ទាប់ពីអ្នកបើកបររថយន្តដឹកទំនិញដែលកំពុងធ្វើកូដកម្មក្នុងឧស្សាហកម្មស៊ីម៉ងត៍ត្រូវបានស្នើឱ្យចូលធ្វើការវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា។
នាយករដ្ឋមន្ត្រីបានបន្តជំរុញឱ្យអ្នកដឹកទំនិញបញ្ចប់កូដកម្មនិងចូលធ្វើការវិញ។ លោកថ្លែងថា «ជំហររបស់រដ្ឋាភិបាលគឺច្បាស់ណាស់។ រដ្ឋាភិបាលនឹងមិនសម្របសម្រួលជាមួយនឹងអំពើខុសច្បាប់ និងដោះស្រាយការរំលោភបំពានយ៉ាងតឹងរ៉ឹងឡើយ»។
សហជីពអ្នកដឹកទំនិញបានធ្វើកូដកម្មទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែវិច្ឆិកា បណ្ដាលឱ្យខូចប្រព័ន្ធផ្គត់ផ្គង់សម្ភារ។ ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុបាននិយាយថា ការផ្គត់ផ្គង់ស៊ីម៉ងត៍បានត្រឡប់ទៅកម្រិតមធ្យមវិញនៅថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីរដ្ឋាភិបាលបានចេញបទបញ្ជាប្រតិបត្តិលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន។ ក្រសួងបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតនៅនឹងកន្លែងលើអ្នកបើកបររថយន្តដឹកទំនិញចំនួន ៣៣ នាក់ និងអ្នកបើកបរចំនួន ៧៧៨នាក់នៅក្នុងឧស្សាហកម្មស៊ីម៉ងត៍។ លើសពីនេះ រដ្ឋាភិបាលបានសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលលើករណីមិនគោរពបទបញ្ជាដោយគ្មានហេតុផលល្អ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN
រូបថត ៖ hanoitv.vn