ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួយថវិកា៤០លានរៀល ដល់ស្ត្រីរងគ្រោះដែលពេទ្យកាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមើលឃើញព័ត៌មានតាមប្រព័ន្ធសង្គម រៀបរាប់យ៉ាងច្រើនអំពីកម្មការិនីកាត់ដេរឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ដែលជាស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង កាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ដល់ស្ត្រីរងគ្រោះរូបនេះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។ នេះបើយោងតាមផេកផ្លូវការរបស់លោក បានបង្ហោះ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ 

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ បានបរិច្ចាគថវិកា ៤០លានរៀលនោះ ជូនទៅគ្រួសារស្ត្រីរងគ្រោះ ដើម្បីសងបំណុលគេនៅក្នុងភូមិស្រុក និងដើម្បីចៀសវាងការខ្ចីធនាគារ ក៏ដូចជាបញ្ចាំទ្រព្យសម្បត្តិជាដើម ខណៈមន្ទីរពេទ្យកាល់ម៉ែតមិនយកថ្លៃព្យាបាល លើស្ត្រីរងគ្រោះរូបនេះទេ។

 មូលនិធិ ហោ ណាំហុង-បូរី ហោ បានចំណាយថវិកាកន្លងមកជួយសាងសង់អគារ ៣ជាន់ នៅខេត្តកំពង់ចាម សម្រាប់កុមារពិការនិងគថ្លង់ អស់ថវិកាជាង ២០ម៉ឺនដុល្លារអាមេរិក ជួយប្រចាំខែដល់បុរីទារក និងកុមារជាតិ គិតមកដល់ពេលនេះប្រមាណ ៣៤ម៉ឺនដុល្លារដុល្លារអាមេរិក។ បន្ថែមលើនេះ មូលនិធិនេះបានជួយដល់កុមារពិការផ្សេងៗ ប្រចាំខែអស់ថវិកា ៨៤.០០០ដុល្លារអាមេរិក ជាពិសេសជួយយុវជនយុវនារី ចំនួន២នាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង និងខេត្តកំពង់ធំ ដែលពិការដៃទាំងពីរ និងពិការជើងទាំងពីរ បានចូលរៀនមហាវិទ្យាល័យផងដែរ។

មូលនិធិ ហោ ណាំហុង-បូរី ហោ នឹងបន្តចូលរួមបន្តជួយសង្គមបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ៕


ដោយ : សិលា


ចែករំលែក៖