ខេត្តព្រះសីហនុ ៖ គណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកប្រមាណ១៣០នាក់មកពីជាង២០ប្រទេស បានរួមគ្នាជួយដាំដើមកោងកាងជាង៣០០០ដើម ដើម្បីចូលរួមចំណែកជាមួយប្រទេសកម្ពុជាក្នុងការទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាននៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ពី ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងទេសចរណ៍បានលើកឡើងថា, សកម្មភាពដាំដើមកោងកាងនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមវត្តមាន លោក នី ផល្លី រដ្ឋលេខាធិការនិងជាតំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, អ្នកឧកញ៉ា ម៉ុង ឫទ្ធី, លោក ប្រ៊ុយណូ បូដា សហស្ថាបនិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក, លោក មីសែល ប៊ុយហ្សូល ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក រួមទាំងមានគណៈប្រតិភូជាតិនិងអន្តរជាតិជាច្រើនរូបទៀត។
សូមជម្រាបថា សកម្មភាពដែលគណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកដាំដើមកោងកាងអនុស្សាវរីយ៍នេះ គឺធ្វើឡើងក្នុងឱកាសមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។ ទីនោះត្រូវបានប្រសិទ្ធនាមថា «សួនកោងកាងសាងស្នេហ៍» ដើម្បីបង្ហាញពីនិមិត្តរូបនៃសេចក្តីស្រឡាញ់ និងចំណងមិត្តភាព ភាតរភាព សាមគ្គីភាពយូរអង្វែងរវាងសមាជិកនៃក្លិបឆ្នេរទាំងអស់ផងដែរ។
នាឱកាសនោះ លោក គួច ចំរើន បានបញ្ជាក់ថា ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីរវាងតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយដើមកោងកាងដែលបានដាំនាពេលនេះជារុក្ខជាតិដុះតាមតំបន់ឆ្នេរ ឬតំបន់ទឹកប្រៃលាយសាប ដែលត្រូវបានគេរកឃើញនៅតាមឆ្នេរសមុទ្រត្រូពិក ជាពិសេសនៅតំបន់មហាសមុទ្រឥណ្ឌាខាងលិច។
លោក គួច ចំរើន បានបញ្ជាក់ទៀតថា ព្រៃកោងកាងជារបាំងការពារគ្រោះធម្មជាតិ ដូចជា ខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការរក្សាទុកកាបូន ដែលបានរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ការដាំដើមកោងកាងពិតជាមានសារៈសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដូចទិសស្លោក «ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន កាប់ព្រៃឈើក្ររហេមរហាម ឬកាប់ព្រៃកោងកាង បំផ្លាញខ្លួនឯង»។
ជាមួយគ្នានោះ លោក គួច ចំរើន ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុក៏បានប្តេជ្ញាចិត្តខិតខំថែរក្សាសួនកោងកាងសាងស្នេហ៍នេះឱ្យស្ថិតស្ថិរយូរអង្វែង និងប្រែក្លាយតំបន់នេះជាតំបន់អភិរក្សកោងកាងមួយដ៏សំខាន់ ដើម្បីរួមចំណែករក្សាតុល្យភាពបរិយាកាស និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការរៀបចំអេកូទេសចរណ៍ធម្មជាតិផងដែ។
បន្ថែមពីនេះ លោក គួច ចំរើន ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាមានព្រៃកោងកាងសរុបចំនួន៥៨,៨៥២ហិកតា ក្នុងនោះខេត្តព្រះសីហនុមានផ្ទៃដីព្រៃកោងកាងចំនួន៩,៣៥២ហិកតា មានចំនួន៣៩ប្រភេទ។ ព្រៃកោងកាងជាកន្លែងរក្សាជាដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេពូជនៃធម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស តាមរយៈការផ្តល់ជាប្រភពអាហារ និងឱសថបុរាណផងដែរ។
សូមជម្រាបថា នាឱកាសចូលរួមដាំដើមកូនកោងកាងនោះ ប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ព្រមទាំងអ្នកចូលរួមខាងភាគីកម្ពុជាពិតជាមានភាពស្និទ្ធស្នាល ភាតរភាព និងសប្បាយរីករាយយ៉ាងខ្លាំង៕
ដោយ ៖ សហការី