យានអវកាស Orion របស់អង្គការណាសា បានចុះចតនៅមហាសមុទ្រប៉ាស៉ីហ្វិក ក្រោយបំពេញបេសកកម្មល្អអត់ខ្ជោះរយៈពេល២៦ថ្ងៃ ហោះជុំវិញឋានព្រះចន្ទ។ យានអវកាសខាងលើពុំមានផ្ទុកមនុស្សនោះឡើយ។
យាន Orion បានទម្លាក់ខ្លួនចុះមកដល់លើផ្ទៃទឹកនៅមហាសមុទ្រប៉ាស៉ីហ្វិក ក្បែរឧបទ្វីបបាចាកាលី
ហ្វ័រនីញ៉ា (Baja California) នៃប្រទេសម៉ិចស៉ិកកាលពីវេលាម៉ោង៩ៈ៤០នាទីព្រឹក (ពេលវេលាក្នុងតំបន់)។ ការមកដល់នេះគឺបិទបញ្ចប់បេសកកម្មរយៈពេល២៥ថ្ងៃរបស់វាក្នុងការធ្វើដំណើរឆ្ពោះទៅនិងត្រឡប់មកពីឋានព្រះចន្ទវិញ។
អំឡុងពេលនោះ យាន Orion បានទៅដល់ចំណុចឆ្ងាយពីផែនដីបំផុតគឺជិត ៤៣៤,៥០០គីឡូម៉ែត្រ ហើយក៏បានហោះទៅកៀកផ្ទៃព្រះចន្ទបំផុត គឺត្រឹមគម្លាត១២៧គីឡូម៉ែត្រប៉ុណ្ណោះ។
NASA បានកំណត់ការចុះត្រឡប់មកកាន់ផែនដីវិញជាដំណាក់កាលសំខាន់ជាទីបំផុតនៃបេសកកម្មសាកល្បងរបស់យាន Orion ព្រោះវាធ្វើតេស្តទៅលើភាពរឹងមាំនៃខែលការពារកម្តៅ ដើម្បីផ្ទៀងផ្ទាត់មើលថា តើខែលការពារកម្តៅដែលត្រូវបានរចនាថ្មីនោះអាចអត់ធន់ជាមួយកម្លាំងកកិតក្នុងស្រទាប់បរិយាកាស ហើយការពារក្រុមអវកាសយានិក ដែលធ្វើដំណើរនៅលើយាន Orion ដោយសុវត្ថិភាពដែរឬទេ។
NASA នឹងប្រើប្រាស់ទិន្នន័យបានមកពីបេសកកម្មខាងលើ ដែលហៅថា Artemis-1 ដើម្បីត្រៀមសម្រាប់បេសកកម្មបន្ទាប់គឺ Artemis-2 ដែលជាការបញ្ជូនក្រុមអវកាសយានិកឱ្យជិះក្នុងយាន Orion ដើម្បីធ្វើដំណើរហោះជុំវិញឋានព្រះចន្ទ ប៉ុន្តែនឹងមិនទាន់មានការចុះចតទេ។ សម្រាប់ការចុះចតគឺនឹងកើតឡើងក្នុងអំឡុងបេសកកម្មបន្ទាប់មួយទៀតហៅថា Artemis-3។ បេសកកម្ម Artemis-2 អាចនឹងប្រព្រឹត្តទៅ ក្នុងអំឡុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខណៈដែល Artemis-3 អាចនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៥ ឬយូរជាងនេះ។
ធ្លាប់មានអវកាសយានិកតែ១២នាក់ប៉ុណ្ណោះ ហើយសុទ្ធតែជាបុរសទាំងអស់ដែលបានដើរលើផ្ទៃព្រះចន្ទ។ ពួកគេទាំងនោះបានទៅដល់ឋានព្រះចន្ទ អំឡុងបេសកកម្មអាប៉ូឡូសរុបចំនួន៦ របស់ NASA កាលពីចន្លោះឆ្នាំ១៩៦៩-១៩៧២៕ ដោយ៖ ធីរីណា
រូបថត៖ NASA