ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២ បន្ទាប់ពីសេចក្ដីរាយការណ៍ថាមានករណីភ្លើងឆេះផ្ទះមួយខ្នងមានម្ចាស់ផ្ទះឈ្មោះ វ៉ា វង់ អាយុ២៧ឆ្នាំ នៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ដោយមានផ្ទះទំហំ៥គុណនិង៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងស្លឹកស្ថិតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែកភ្លាមលោក ស៊ូ ម៉ុល អភិបាលស្រុកបានដឹកនាំក្រុមការងារចុះជួបផ្ទាល់ជាមួយម្ចាស់ផ្ទះនិងចូលរួមសោកស្ដាយចំពោះការបាត់បង់ទ្រព្យសម្បត្តិដែលកើតឡើងគួរឱ្យរន្ធត់បែបនេះ។
ជាមួយគ្នានេះដែរលោកអភិបាលស្រុក បានលើកទឹកចិត្តដល់ម្ចាស់ផ្ទះសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ជាក់ស្តែងអំណោយដែលយកមកផ្តល់ជូននាពេលនេះ ថ្វីត្បិតតែមិនសាកសមទៅនឹងអ្វីដែលបងប្អូនបាត់បង់ពិតមែន តែក៏អាចជួយដោះស្រាយបងប្អូនបានមួយរយៈពេលខ្លីផងដែរ ។
លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយ័ត្ន ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាងមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ។
សូមបញ្ជាក់ថា សម្ភារដែលយកមកប្រគល់ជូននាពេលនេះរួមមាន ៖ អង្ករ ២៥គីឡូក្រាម ,មី១កេស,ធុងទឹកចំណុះ៤៥លីត្រ,កំសៀវទឹក១,ឆ្នាំងបាយ១, ឆ្នាំងសម្ល១,មុង ភួយ កន្ទេល ខ្នើយនិងថវិកាមួយចំនួនផងដែរ ៕
ដោយ៖ សុថាន