ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រ ភាពធន់នៃប្រជាជនអ៊ុយក្រែន

ចែករំលែក៖

ទីក្រុងប៉ារីស, ប្រទេសបារាំង ៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន។ វត្តមានសម្តេចតេជោ បង្ហាញពីមោទនភាពជាតិ លើឆាកអន្តរជាតិ ។ 

សូមបញ្ជាក់ថា, សន្និសីទនេះ ត្រូវបានធ្វើឡើងនៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធានាធិបតីបារាំង លោក ម៉ានូអែល ម៉ាក្រុង ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ក្នុងសន្និសីទនេះ លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។

 សន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន គឺជាសន្និសីទមួយស្វះស្វែងរកការគាំទ្រ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋអ៊ុយក្រែន កើតចេញពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ី។

 ក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាគន្លឹះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់អឺរ៉ុបនាពេលនេះ គឺជាដំណើរមួយដែលនឹងចូលរួមផ្តល់វិភាគទាន ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ 

 សូមជម្រាបជូនថា , សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ ទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់រំលងអាធ្រាត ម៉ោង ១.៤៥នាទី ម៉ោងនៅទីក្រុងប៉ារីស បារាំង ត្រូវនឹងម៉ោង ៧.៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ  ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។ 

ការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់បារាំង និង មន្ត្រីការទូតកម្ពុជា ប្រចាំនៅបារាំងជាច្រើនរូប។

តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ អញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕

ដោយ : សហការី


ចែករំលែក៖