ព័ត៌មានទាន់ហេតុការណ៍៖

Messi ជាប់កីឡាករឆ្នើមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 ពេលយកឈ្នះក្រូអាត

ចែករំលែក៖

ប្រធានក្រុម និងជាខ្សែប្រយុទ្ធ Lionel Messi ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រូអាត នៅពេលដែលគាត់បានជួយអាហ្សង់ទីនទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ២០២២ជាមួយនឹងជ័យជម្នះលើក្រូអាត៣ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូនេះ ។

កីឡាករ Messi ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​៨.៤៦ បាន​រក​គ្រាប់​បាល់​បើក​ឆាក​នៅនាទីទី៣៤ ក្នុងបាល់ប៉េណាល់ទី និងបាន​បង្កើតឱកាសឲ្យកីឡាករ Julian Alvarez សម្រាប់​គ្រាប់​ទី២​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង២​គ្រាប់​របស់​គេ។

ខ្សែប្រយុទ្ធ Alvarez ដែលលេងឲ្យក្លិប Man City បានតាមពីក្រោយ Messi ជាមួយនឹងចំណាត់ថ្នាក់ ៨.៤១ ខណៈដែលគូប្រកួតរបស់គាត់គឺខ្សែបម្រើ Luka Modric ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករល្អបំផុតរបស់ក្រូអាតជាមួយនឹងចំណាត់ថ្នាក់ ៧.២១។

ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវប៉ះក្រុមដែលឈ្នះនៅរាត្រីនេះ (បារាំង ឬ ម៉ារ៉ុក) ដើម្បីប្រជែងគ្នាលើកពាន World Cup 2022 នៅកាតាដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូម៉ោងនៅកម្ពុជា។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ Lionel Messi រកបានគ្រាប់បាល់ចំនួន១១គ្រាប់ នៅក្នុងព្រឹត្តិការណ៍ World Cup ពីការបង្ហាញខ្លួន៥លើកកន្លងមក ដោយគាត់បានបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធលោក Gabriel Batistuta ដែលរកបានត្រឹម១០គ្រាប់សម្រាប់ជម្រើសជាតិអាហ្សង់ទីនមុនពេលគាត់ចូលនិវត្តន៍ ៕

ដោយ៖ ភារៈ(រូបភាព ៖ FIFA/BBC Sport)

 


ចែករំលែក៖