ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងវេលាទៀបភ្លឺ! ស្លាប់និងរបួសដោយសាររថយន្តបុកម៉ូតូរុឺម៉កនិងម៉ូតូដែលបើកបញ្ច្រាសទិសគ្នានៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តម៉ាក Mercedes បុកម៉ូតូរុឺម៉កនិងម៉ូតូមួយគ្រឿងទៀតដែលបញ្ច្រាសទិសគ្នាពេញទំហឹងលាន់សូរដូចរន្ទះផ្អើលដល់អ្នកភូមិទាំងវេលាទៀបភ្លឺ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣៣និងលេខ១៣៤ ស្ថិតក្នុងភូមិ សាមគ្គី​ សង្កាត់ស្វាយតឿ​ ក្រុងស្វាយរៀង។ 

   យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា អ្នកស្លាប់មិនត្រូវបានស្គាល់ឈ្មោះនោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ​១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១H-៤៧៥៥ ខូចខាតទាំងស្រុង។ ចំណែកអ្នកបើកម៉ូតូរុឺម៉កមាន ឈ្មោះនូ ស៊ុង  អាយុ៥៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិចេក សង្កាត់ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង រងរបួសស្រាល។

   រីឯអ្នកបើករថយន្តម៉ាក Mercedes ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BI-១៥៣១ ក្រោយពីកើតហេតុឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Mercedes ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BI-១៥៣១ បើកលើផ្លូវជាតិលេខ១ ដោយធ្វើដំណើរពីកើតទៅលិច ខណៈនោះស្រាប់តែមានម៉ូតូ​រុឺម៉កមួយគ្រឿងម៉ាក City ពណ៌ ក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើតបញ្ច្រាសគ្នាក៏បុកគ្នាពេញទំហឹង រួចហើយបន្តទៅបុកម៉ូតូម៉ាក ហុងដាសេ​១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-៤៧៥៥ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបាញ់បណ្ដាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

   ក្រោយមក មធ្យោបាយធ្វើដំណើរទាំង៣គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់។

​សមត្ថកិច្ចនគរបាលចរាចរណ៍បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចកំពុងធ្វើការសេុីបអង្កេត​រកភាគីខាងណាជាអ្នកបង្កហេតុដែលបណ្ដាលមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ៕

ដោយ៖ សុថាន


ចែករំលែក៖