ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជូនពរឱ្យបារាំងលើកពាន World Cup 2022 នៅចំពោះមុខប្រធានាធិបតីបារាំង

ចែករំលែក៖

ទីក្រុងប៉ារីស, បារាំង ៖ នៅចំពោះមុខលោក អេមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតរំលឹកពីការទស្សន៍ទាយរបស់សម្តេចថា បារាំងអាចនឹងលើកពានបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២នេះ។ បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យបារាំង បានលើកពានផងដែរ។

ជាការឆ្លើយតបលោកប្រធានាធិបតីបារាំង បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការជូនពរនេះ។

សូមបញ្ជាក់ថា ម្ចាស់ជើងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ បារាំង បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ នៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ នេះ បារាំង នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់របស់ប្រទេសម៉ារ៉ុក។ បើសិនទទួលបានជ័យជម្នះ បារាំង នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប្រកួតជាមួយក្រុមពពកសអាហ្សង់ទីន ដែលយកឈ្នះក្រុមក្រូអាតកាលពីយប់មិញនេះ។

សូមបញ្ជាក់ថា, អាហ្សង់ទីនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup 2022 ក្រោយខកខានតាំងពីឆ្នាំ២០១៤ អង្គុយកៅអីមុន រង់ចាំបារាំង ឬម៉ារ៉ុក ជាដៃគូលើកពាន ! 

 ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Lionel Messi បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ ហើយខ្សែប្រយុទ្ធ Julian Alvarez បានស៊ុតបញ្ចូលទី២គ្រាប់បន្ថែមទៀតជួយឲ្យអាហ្សង់ទីនបានផ្តួលក្រូអាត ៣–០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៤ ធ្នូដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទី២ក្នុងរយៈពេល៨ ឆ្នាំចាប់ពីឆ្នាំ២០១៤មក។ ម្ចាស់ជើងឯកពិភពលោក២សម័យកាលអាហ្សង់ទីនដែលគាំទ្រដោយហ្វូងមនុស្សយ៉ាងច្រើននៅឯកីឡដ្ឋាន Lusail បានបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេនៃការប្រកួតដើម្បីធានាថា ពួកគេនឹងជួបអ្នកឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃពុធនេះរវាងម្ចាស់ជើងឯកបារាំងនិងម៉ារ៉ុកក្នុងវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យខាងមុខ។

 ទោះជាយ៉ាងណាក៏ដោយ រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បារាំង និង ជួបជាមួយ ម៉ារ៉ុក ដែលគេអោយរំពឹងថា បារាំងអាចនឹងឈ្នះការប្រកួតនេះ ។ ប្រសិនបើឈ្នះមែន បារាំងត្រូវជួបជាមួយ អាហ្សង់ទីន ដើម្បីប្រកួត លើកពាន World Cup 2022 ៕

ដោយ ៖ សិលា


ចែករំលែក៖