ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិបណ្តេញអុីរ៉ង់ចេញពីគណៈកម្មាធិការស្ត្រី

ចែករំលែក៖

ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) បានបោះឆ្នោតបណ្តេញអុីរ៉ង់ចេញពីគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី។ សកម្មភាពននេះកើតឡើងត្រឹមតែប៉ុន្មានខែបន្ទាប់ពីប្រទេសអ៊ិស្លាមនេះបានចូលរួមក្នុងស្ថាប័នមួយនេះ។
យោងតាមសារព័ត៌មាន CNN ប្រទេសសមាជិក ECOSOC ចំនួន ២៩ប្រទេសនៅថ្ងៃទី១៤ ខែធ្នូបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីអនុម័តដំណោះស្រាយដែលស្នើឡើងដោយសហរដ្ឋអាមេរិកដើម្បី “ដកសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់ភ្លាមៗចេញពីគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី ។ ប្រទេសចំនួន៨បានបោះឆ្នោតប្រឆាំង ហើយ១៦ប្រទេសទៀតបានបោះឆ្នោតអនុបវាទ។
ទង្វើមិនធម្មតានេះកើតឡើងនៅក្នុងបរិបទនៃប្រទេសអុីរ៉ង់ដែលទទួលរងនូវការតវ៉ាដោយហិង្សាជាបន្តបន្ទាប់បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini អាយុ២២ ឆ្នាំខណៈពេលដែលនាងត្រូវបានឃុំខ្លួនដោយប៉ូលិសក្រមសីលធម៌របស់ប្រទេសពីបទរំលោភលើច្បាប់នៃការស្លៀកពាក់មូស្លីម។
ថ្លែងទៅកាន់ក្រុមប្រឹក្សា ECOSOC ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield បានពន្យល់ថា ស្ត្រីនិងសកម្មជនបានអំពាវនាវដល់សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិឱ្យជួយគាំទ្រ និងទាមទារឱ្យមានការបណ្តេញអុីរ៉ង់ចេញពីគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី។ ពួកគេមិនចង់ឱ្យស្ថាប័នឈានមុខរបស់អង្គការសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី “បំផ្លាញពីខាងក្នុង” នោះទេ។
ផ្ទុយទៅវិញ ប្រទេសអុីរ៉ង់បានថ្កោលទោសដំណោះស្រាយរបស់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ថាវាជា “សំណើខុសច្បាប់” និងធ្វើឱ្យខូចដល់នីតិរដ្ឋនៅអង្គការសហប្រជាជាតិ។ យោងតាមឯកអគ្គរដ្ឋទូតអុីរ៉ង់លោក Amir Saeed Irvani ដំណោះស្រាយដើម្បីដកប្រទេសនេះគឺផ្អែកលើ “ការទាមទារដោយគ្មានមូលដ្ឋាន និងអំណះអំណាងប្រឌិត”។
ប្រទេសអុីរ៉ង់ទើបតែចាប់ផ្តើមអាណត្តិរយៈពេល៤ឆ្នាំលើគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី បន្ទាប់ពីត្រូវបានបោះឆ្នោតឱ្យជាសមាជិកមាន៤៥ប្រទេសបកាលពីខែមេសា៕ ដោយ៖ ធីរីណា

រូបថត៖ CNN


ចែករំលែក៖